ក្រុមអ្នកវិទ្យាសាស្ត្រមកពីបណ្ដាប្រទេសបានរកឃើញសមត្ថភាពនៃការរស់រានរបស់ រ៉ូបូតមានជីវិត ដែលត្រូវបានគេបង្កើតឡើងពីកោសិកាដើមរបស់សត្វកង្កែប។
ក្រុមអ្នកវិទ្យាសាស្ត្រអាម៉េរិក ទើបតែបានបង្កើតប្រព័ន្ធរ៉ូបូតមានជីវិតដំបូង និងបានដាក់ឈ្មោះឱ្យវាថា xenobot។ ពួកគេនិយាយថា ទម្រង់នៃជីវិតថ្មីអាចរស់រានមានជីវិតទៅតាមវិធីដែលមិនមាននៅក្នុងធម្មជាតិ ទាំងនៅលើសត្វលោក ទាំងនៅលើរុក្ខជាតិ។
ដោយត្រូវបានបង្កើតឡើងពីកោសិកាដើមរបស់កង្កែបអាហ្វ្រិក (Xenopus laevis) ប្រវែងទទឹងនៃដងខ្លួនរបស់ រ៉ូបូត xenobot នេះ មិនដល់ ១ មិល្លីម៉ែត្រនោះទេ។ ព័ត៌មានអំពីរ៉ូបូតមានជីវិតទាំងនេះត្រូវបានប្រកាសលើកដំបូងកាលពីឆ្នាំ ២០២០ បន្ទាប់ពីមានការពិសោធមួយអំពីសមត្ថភាពនៃការផ្លាស់ទីដោយខ្លួនឯង ការសហការគ្នាជាមួយនឹងរ៉ូបូតមានជីវិតដទៃ និងការជាសះស្បើយដោយឯកឯង។
ក្នុងរបាយការណ៍នៃការស្រាវជ្រាវថ្មី ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Vermont, សាកលវិទ្យាល័យ Tufts និង វិទ្យាស្ថានស្រាវជ្រាវនៃសាកលវិទ្យាល័យ Harvard ឱ្យដឹងថា ពួកគេបានរកឃើញរបៀបនៃការបង្កើតកូនចៅបែបជីវសាស្ត្រដែលមិនទាន់កើតមាននៅលើទម្រង់ជីវិតណាមួយដែលក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានដឹង។ អ្នកវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះទម្រង់ជីវិតបែបនេះ។
«កង្កែបមានរបៀបបន្តពូជដោយឡែក ប៉ុន្តែនៅពេលអ្នក…បំបែកកោសិកាចេញពី អំប្រ៊ីយ៉ុង (Embryo) និងបង្កើតឱកាសឱ្យពួកវាស្វែងរកវិធីរស់ក្នុងបរិស្ថានថ្មី។ ពួកវាមិនត្រឹមតែរកឃើញវិធីផ្លាស់ទីនោះទេ តែក៏ទំនងជាបានរកឃើញវិធីថ្មីក្នុងការបន្តពូជទៀតផង»។
ជារ៉ូបូត ឬជាទម្រង់នៃជីវិត?
កោសិកាដើម (stem cell) គឺជាកោសិកាដែលមិនមានមុខងារជាក់លាក់ មានសមត្ថភាពរីកចម្រើនទៅជាទម្រង់កោសិកាផ្សេង។ ដើម្បីបង្កើតរ៉ូបូតមានជីវិត xenobot ក្រុមអ្នកវិទ្យាសាស្ត្របានកោសកោសិការស់ពី អំព្រីយ៉ុង របស់សត្វកង្កែប ហើយទុកឱ្យពួកវារីកចម្រើនដោយខ្លួនឯង។
Josh Bongard សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងជាអ្នកឯកទេសខាងរ៉ូបូតប្រចាំសាកលវិទ្យាល័យ Vermont អះអាងថា៖ «មនុស្សភាគច្រើនយល់ថា រ៉ូបូត ត្រូវបានបង្កើតឡើងពីលោហធាតុ និងសេរ៉ាមិច ប៉ុន្តែ និយមន័យនៃ រ៉ូបូត ដែលយោងទៅតាមសកម្មភាពរបស់វា នោះគឺ ការធ្វើការជំនួសមនុស្ស»។
លោកបន្តថា៖ «យល់ទៅតាមរបៀបនេះ រ៉ូបូតមានជីវិត (xenobot) គឺជា រ៉ូបូត ផង និងជាទម្រង់នៃជីវិតមួយផងដែរ ដែលបង្កើតឡើងពីកោសិកាកង្កែបដែលមិនមានការកែប្រែហ្សែន។
យោងតាមលោក Bongard ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសមត្ថភាពនៃការបង្កើតកូនចៅរបស់ រ៉ូបូត xenobot ដែលជាសត្វមានជីវិតត្រូវបានបង្កើតឡើងពីកោសិកាចំនួន ៣,០០០ របស់សត្វកង្កែប។ ក៏ប៉ុន្តែ ដំណាក់កាលនៃការកកើតកូនចៅរបស់ពួកវា កើតឡើងតែក្នុងរយៈពេលមួយមានកំណត់។
បច្ចេកវិទ្យារ៉ូបូត xenobot នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលក្មេងខ្ចីនៅឡើយ ដែលវាអាចប្រៀបបានទៅនឹងកុំព្យូទ័រមួយគ្រឿងកាលពីជំនាន់ឆ្នាំ ១៩៤០៕