ការលាងចានក្រោយពេលបរិភោគអាហារ និងការអានសៀវភៅមុនពេលចូលទទួលទានដំណេក បានជួយឱ្យមហាសេដ្ឋីអាម៉េរិក លោក ប៊ីល ហ្គេត កាត់បន្ថយភាពតានតឹងក្រោយពីបានបំពេញការងារពេញមួយថ្ងៃ ព្រមទាំងជួយបង្កើនចំណេះដឹងផងដែរ។
គ្រប់គ្នាទំនងជាចាប់អារម្មណ៍ទៅលើតែទម្លាប់ពេលព្រឹក ដោយសារតែវាជាកិច្ចការដែលជួយឱ្យយើងមានថាមពលគ្រប់គ្រាន់សម្រាប់ធ្វើការពេញមួយថ្ងៃ។
ក៏ប៉ុន្តែ ទម្លាប់ពេលព្រលប់ក៏សំខាន់ណាស់ដែរ។ បើសិនជាមានទម្លាប់ល្អ អ្នកនឹងអាចកាត់បន្ថយបញ្ហាថប់អារម្មណ៍ និងបានគេងលក់ស្រួល។ ប្រការនេះពិតជាសំខាន់ខ្លាំងណាស់ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
ជាអ្នកជំនួញ និងជាសប្បុរសជនដែលទទួលបានជោគជ័យ លោក ប៊ីល ហ្គេត ក៏មានទម្លាប់ល្អមួយចំនួននៅពេលព្រលប់ដែលគួរឱ្យយើងយកជាគំរូ។ កាលពីឆ្នាំ ២០១៤ នៅលើបណ្ដាញសង្គម Reddit នៅពេលត្រូវបានសួរថា «សូមរៀបរាប់អំពីការងារដែលលោកចូលចិត្តធ្វើបំផុត និងពុំមានអ្នកណានឹកស្មានដល់» មហាសេដ្ឋី ប៊ីល ហ្គេត ឆ្លើយថា «ខ្ញុំលាងចានរាល់ពេលព្រលប់។ អ្នកដទៃស្ម័គ្រចិត្តធ្វើកិច្ចការនេះ។ ប៉ុន្តែខ្ញុំចូលចិត្តធ្វើទៅតាមរបៀបរបស់ខ្ញុំ»។
ការលាងចាននឹងជួយឱ្យអ្នកជំនួញទាំងឡាយបានសម្រាកខួរក្បាលបន្ទាប់ពីបានបំពេញការងារពេញមួយថ្ងៃ។ ខួរក្បាលនឹងបានសម្រាក ដោយចាកផុតពីការងារដែលប្រើខួរក្បាល។ ជំនួសមកវិញ ការងារលាងចានគ្រាន់តែផ្ដោតទៅលើការធ្វើដដែលៗ ដូចជា លាងឱ្យស្អាត ជូតឱ្យស្ងួត និងដាក់ចូលក្នុងរាវ។
ទម្លាប់ទីពីររបស់លោក ប៊ីល ហ្គេត គឺការអានសៀវភៅ។ រៀងរាល់ព្រលប់មុនពេលចូលសម្រាន្ត គាត់តែចំណាយពេលមួយម៉ោងដើម្បីអានសៀវភៅ។ គាត់ចូលចិត្តអានស្ទើបគ្រប់ប្រធានបទ តាំងពីនយោបាយ រហូតដល់ព្រឹត្តិការណ៍សង្គម។
មានមូលហេតុជាច្រើនដែលនាំឱ្យគេចាត់ទុកការអានសៀវភៅថាជាទម្លាប់ល្អ។ ការអានសៀវភៅជួយឱ្យយើងបង្កើនចំណេះដឹង មើលឃើញហេតុការណ៍ពីគ្រប់ជ្រុងជ្រោយ និងបង្កើនភាពច្នៃប្រឌិត។ល។