ការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២១ ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ នឹងត្រូវបានធ្វើឡើងនៅសាលាគរុកោសល្យ និងវិក្រិតការខេត្តកណ្តាល។
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានឱ្យដឹងថា កីឡាករដែលចូលរួមការប្រកួតកីឡាទាញព្រ័ត្រដណ្ដើមជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២១ នេះ នឹងត្រូវប្រកួត ២ វិញ្ញាសា រួមមាន វិញ្ញាសាប្រកួតផ្នែកបុរស ៤ នាក់ទល់នឹង ៤ នាក់ លើទម្ងន់ ៣០០ គីឡូក្រាម និងវិញ្ញាសាប្រកួតនារី ៤ នាក់ទល់នឹង ៤ នាក់ លើទម្ងន់ ២៥០ គីឡូក្រាម។
ការប្រកួតនេះក្នុងបំណងជ្រើសរើសក្រុមជើងឯក ដាក់បញ្ជូលក្នុងក្រុមជម្រើសជាតិ សម្រាប់ការប្រកួតនៅ ស៊ីហ្គេម លើកទី ៣២ ក្នុងឆ្នាំ ២០២៣ ដែល កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង។ នេះបើតាម កញ្ញា មាស តឿ មន្ត្រីសហព័ន្ធកីឡាទាញព្រ័ត្រ របស់ កម្ពុជា។
រាល់ការចំណាយលើការស្នាក់នៅ ហូបចុក និងថ្លៃធ្វើដំណើរ គឺជាបន្ទុករបស់ក្លិបនីមួយៗ នៅតាមក្រសួង ស្ថាប័ន ឬរាជធានី-ខេត្ត ដែលបានចុះឈ្មោះចូលរួម៕