Parag Agrawal គឺជាពលរដ្ឋអាម៉េរិក ដើមកំណើត ឥណ្ឌា និងជាអ្នកឯកទេសផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នឹងចូលកាន់តំណែងនាយកប្រតិបត្តិជំនួសស្ថាបនិក Jack Dorsey។
លោក Agrawal កើតឆ្នាំ ១៩៨៤ នៅ ប្រទេសឥណ្ឌា និងបានចូលទៅរស់នៅក្នុងទឹកដីអាម៉េរិក ដូចទៅនឹងប្រធានក្រុមហ៊ុន Microsoft លោក Satya Nadella និង នាយកប្រតិបត្តិរបស់ Google លោក Sundar Pichai។ Agrawal ទទួលបានសញ្ញាបត្របរិញ្ញាពីវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា និងសញ្ញាបត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ Stanford។
មុនពេលត្រូវបាន Dorsey ជ្រើសរើសឱ្យកាន់តំណែងនាយកប្រតិបត្តិរបស់ Twitter លោក Agrawal ពុំមែនជាមនុស្សល្បីឈ្មោះទេ សូម្បីតែចំពោះបុគ្គលិករបស់បណ្ដាញសង្គមនេះ។ លោក Agrawal បានធ្វើការនៅក្នុងក្រុមហ៊ុននេះអស់រយៈពេល ១០ ឆ្នាំមកហើយ ដោយធ្លាប់បានកាន់តំណែងខុសៗគ្នាជាច្រើន។ ស្ថាបនិក Dorsey និង Agrawal ក៏ជាមិត្តជិតស្និទ្ធនឹងគ្នា។
Agrawal ដែលមានជំនាញខាងប្រព័ន្ធ «Artificial Intelligence (AI)» ឬហៅថា «បញ្ញាសិប្បនិម្មិត» និង «Machine Learning (ML)» ឬហៅថា «ម៉ាស៊ីនសិក្សា» បានចូលបម្រើការនៅក្នុងក្រុមហ៊ុន Twitter កាលពីខែតុលា ២០១១ ហើយក្នុងរយៈពេលដ៏ខ្លី គាត់ត្រូវបានជ្រើសរើសជាវិស្វករឆ្នើមរបស់ក្រុមហ៊ុន។ ឆ្នាំ ២០១៧ លោកក្លាយជានាយកផ្នែកបច្ចេកវិទ្យារបស់ Twitter។
Agrawal គឺជាបុគ្គលទី ៤ ហើយ ដែលកាន់តំណែងនាយកប្រតិបត្តិរបស់ Twitter បន្ទាប់ពី Drsey, Evan Williams និង Dick Costolo។ លោកក៏ជាមេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំដែលមានវ័យនៅក្មេងបំផុតនាបច្ចុប្បន្ន ពោលគឺស្មើនឹងវ័យរបស់នាយកប្រតិបត្តិនៃក្រុមហ៊ុន Meta (Facebook) លោក Mark Zuckerberg៕