រូបិយវត្ថុឌីជីថល អូមីក្រុង (Omicron) បានឡើងថ្លៃខ្ពស់ រហូតដល់ ៦៨៨ ដុល្លារ/រៀលអូមីក្រុង ដោយសារតែឈ្មោះរបស់វាដូចទៅនឹងឈ្មោះរបស់វីរុសកូវីដ-១៩ ប្រភេទ អូមីក្រុង (Omicron) ដែលជាវ៉ារ្យ៉ង់មួយកំពុងធ្វើឱ្យពិភពលោកមានការព្រួយបារម្ភខ្លាំង។
ប្រាក់ អូមីក្រុង ដើមឡើយមានមនុស្សតិចណាស់ដែលបានស្គាល់ និងមានអ្នកតាមដាននៅលើបណ្ដាញសង្គម Twitter ត្រឹមតែប្រហែល ១,០០០ នាក់ប៉ុណ្ណោះ ប៉ុន្តែ វាបានឡើងថ្លៃពី ៦៥ ដុល្លារ កាលពីពាក់កណ្ដាលសប្ដាហ៍មុន ឡើងដល់ ៦៨៨ ដុល្លារ/រៀលអូមីក្រុង កាលពីចុងសប្ដាហ៍កន្លង មុនពេលធ្លាក់ថ្លៃប៉ុន្មានសិបភាគរយ។
បច្ចុប្បន្ន ប្រាក់ឌីជីថល នេះ ត្រូវបានជួញដូរក្នុងរង្វង់តម្លៃ ៣៧១ ដុល្លារ/រៀលអូមីក្រុង។ វាពុំមានជាប់ទាក់ទងអ្វីទៅនឹងវីរុសកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មីដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) ដាក់ឈ្មោះថា អូមីក្រុង កាលពីថ្ងៃទី ២៦ វិច្ឆិកា នោះទេ ក្រៅតែពីឈ្មោះដូច្នេះ។
មកដល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថា ប្រាក់អូមីក្រុង ត្រូវបានគេដាក់ឱ្យជួញដូរតាំងពីពេលណានៅឡើយ។ ទិន្នន័យស្ដីអំពីតម្លៃរបស់វានៅលើទំព័រ CoinGecko ក៏ទើបតែត្រូវបានគេប្រកាសចាប់ពីថ្ងៃទី ៨ វិច្ឆិកាប៉ុណ្ណោះ។ ក្រៅពីនេះ ក៏ពុំទាន់មានបុគ្គល ឬស្ថាប័នណាមួយចេញមុខតំណាងឱ្យប្រាក់ឌីជីថល អូមីក្រុង នេះនៅឡើយដែរ។
ប្រាក់ឌីជីថល (cryptocurrency) ជាច្រើន ត្រូវបានគេបង្កើតឡើង និងបានឡើងថ្លៃខ្លាំងក្នុងឆ្នាំ ២០២១ ដោយសារការភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍លេចធ្លោក្នុងពិភពលោក ក៏ប៉ុន្តែ ក្រោយមកគឺជាការ «ផ្ទុះបែកប៉ោងប៉ោងតម្លៃ» នៅពេលកម្លាំងទាក់ទាញរបស់ពួកវាបានបាត់បង់បន្តិចម្ដង៕