សន្ទស្សន៍ភាគហ៊ុននៅក្នុងទីផ្សារចិន ជប៉ុន កូរ៉េខាងត្បូង នាព្រឹកនេះ កំពុងតែ «នាំគ្នា» ដាំក្បាលចុះ ព្រោះតែអ្នកវិនិយោគរង់ចាំមើល អូមីក្រុន។
សន្ទស្សន៍ Nikkei 225 (ជប៉ុន) បច្ចុប្បន្នថយចុះ ០.៤% ខណៈសន្ទស្សន៍ Topix បាត់បង់ ០.៨%។ នៅ កូរ៉េខាងត្បូង សន្ទស្សន៍ Kospi ថយចុះ ០.៣៦%។ មូលហេតុដែលនាំឱ្យផ្សារហ៊ុននៅអាស៊ី-ប៉ាស៊ីហ្វិក ដាំក្បាលចុះគឺដោយសារអ្នកវិនិយោគនៅតែមានការព្រួយបាម្ភទាក់ទងនឹងស្ថានភាពនៃវ៉ារ្យ៉ង់ថ្មីរបស់កូវីដ-១។
ផ្សារហ៊ុននៅប្រទេស ចិន ក៏ត្រូវជោកជាំដោយពណ៌ក្រហមតាំងតែពីការជួញដូរដំបូងសម្រាប់ថ្ងៃនេះ។ សន្ទស្សន៍ Shanghai Composite បាត់បង់ ០.៥% ខណៈដែល Hang Seng Index (ហុងកុង) ក៏ថយចុះ ០.៥%។
មូលបត្រនៅផ្សារហ៊ុនដទៃ ចាប់ពី អូស្ត្រាលី នូវែលសេឡង់ ម៉ាឡេស៊ី សិង្ហបុរី ក៏កំពុងតែដាំក្បាលចុះ។ សន្ទស្សន៍ MSCI នៅ អាស៊ី-ប៉ាស៊ីហ្វិក ថយចុះ ០.៤៥%។
«វ៉ារ្យ៉ង់នេះ (អូមីក្រុន) អាចមិនសាហាវដូចដែលអ្នកវិនិយោគកំពុងគិត។ ប៉ុន្តែ វានៅតែប៉ះពាល់ដល់អារម្មណ៍របស់ក្រុមអ្នកវិនិយោគដែលបណ្ដាក់ទុនជាមួយនឹងទ្រព្យហានិភ័យ និងការចំណាយនានា ដោយសារតែគ្រប់គ្នានឹងមានការប្រុងប្រយ័ត្នជាងមុន» នេះបើតាមលោក John Vail អ្នកយុទ្ធសាស្ត្រសកលនៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យ Nikko៕