ថ្ងៃទី ២៩ វិច្ឆិកានេះ រដ្ឋាភិបាលជប៉ុន បានប្រកាសថា សម្រេចផ្អាកការផ្ដល់ទិដ្ឋាការស្ទើរតែទាំងអស់ ចំពោះអ្នកជំនួញ និងនិស្សិតបរទេស ក្នុងបំណងទប់ស្កាត់វីរុសកូវីដ-១៩ ប្រភេទ អូមីក្រុន (Omicron)។
ទូរទស្សន៍ NTV បានរាយការណ៍ថា ការសម្រេចចិត្តខាងលើនេះ មានការលើកលែងចំពោះក្រុមមនុស្សដែលមក ជប៉ុន បំពេញបេសកកម្មផ្នែកកិច្ចការមនុស្សធម៌។ ចំណែកសារព័ត៌មាន Kyodo រាយការណ៍ថា ការផ្អាកនេះនឹងមានសុពលភាពចាប់ពីខែវិច្ឆិកានេះ រហូតដល់មានសេចក្ដីសម្រេចថ្មី។
ការសម្រេចរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានធ្វើឡើងបន្ទាប់ពី វិទ្យាស្ថានជាតិគ្រប់គ្រងជំងឺឆ្លងរបស់ ជប៉ុន (NIID) បានបង្កើនកម្រិតប្រកាសអាសន្នខ្ពស់បំផុតចំពោះវីរុសកូវីដ-១៩ ប្រភេទ អូមីក្រុន។
កាលពីថ្ងៃទី 26 វិច្ឆិកា អង្គការសុខភាពពិភពលោក (WHO) បានកោះប្រជុំបន្ទាន់ពិសេស ដើម្បីពិភាក្សាអំពីបញ្ហាវ៉ារ្យ៉ង់ អូមីក្រុន របស់ វីរុសកូវីដ-១។ WHO បានដាក់បញ្ចូល អូមីក្រុន ទៅក្នុងប្រភេទវីរុសដែលគួរឱ្យព្រួយបារម្ភ។ WHO ប្រកាសថា អូមីក្រុន មានការប្រែប្រួលប្រូតេអ៊ីនបន្លាជាច្រើនប្រភេទ ក្នុងនោះមានមួយចំនួនគួរឱ្យបារម្ភ។ ភ័ស្ដុតាងដំបូងបានឱ្យដឹងថា វ៉ារ្យ៉ង់ថ្មីនេះ មានសមត្ថភាពឆ្លងរាលដាល់ខ្លាំងជាងវ៉ារ្យ៉ងផ្សេងៗរបស់ កូវីដ-១៩៕