តាមរយៈ Facebook Page រំដួលលិចទឹក បានឱ្យដឹងថា កម្មវិធី មួយម៉ឺនអាល័យ លើកទី2 ជាកម្មវិធីធំមួយដើម្បីចូលរួមអភិរក្សខ្សែភាពយន្តខ្សែពីជំនាន់ដើមដែលជាមរតកមានតម្លៃរបស់ខ្មែរ និងជាកម្មវិធីស្នាដៃ និងសិល្បៈលើកទី 5 ក្រោមប្រធានបទ «គាំទ្រល្ខោនខោលខ្មែរ»។
ជាការចូលរួមចំណែកមួយដែរ កញ្ញា រំដួលលិចទឹក បានបញ្ចេញចំណាប់អារម្មណ៍ថា “នាងខ្ញុំពិតជាមានក្តីរំភើបពេកក្រៃ សម្រាប់ការផ្តល់កិត្តិយសឱ្យរូបនាងខ្ញុំបានចូលរួមសម្តែងក៏ដូចជាបង្ហាញស្នាដៃសិល្បៈដែលច្នៃប្រឌិតចេញពីស្លឹកទ្រាំង និងស្លឺកត្នោតខ្មែរ”។
តារាបង្ហាញម៉ូដរូបនេះបានបញ្ជាក់បន្ថែមថា “ឈុតនេះមានឈ្មោះថា រតន៍រំដួល ជាតំណាងឱ្យឈ្មោះ រំដួលលិចទឹកនេះតែម្តង ជាពិសេសឈុតនេះគឺមានការចូលរួមច្នៃដោយបងប្រុស អ៊ិត សុទ្ធា និងនាងខ្ញុំផ្ទាល់ដៃ។ ជាចុងក្រោយខ្ញុំម្ចាស់ នាងខ្ញុំសូមលើកម្រាមដៃដប់ សូមក្រាបថ្វាយអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយដល់ ព្រះអង្គម្ចាស់ក្សត្រីយ៍សម្តេចព្រះរាម នរោត្តម បុប្ផាទេវី ដែលទ្រង់សព្វព្រះហឬទ័យ ហើយយាងមកសួរសុខទុក្ខ និងទ្រង់បានព្រះប្រទានក្តីសរសើរដល់រូបខ្ញុំម្ចាស់ដោយផ្ទាល់ ខ្ញុំម្ចាស់ពិតជាមានក្តីរំភើបឥតឧបមា”៕