ក្រុមហ៊ុន Doral Renewable កំពុងសាងសង់រោងចក្រផលិតអគ្គិសនីដែលប្រើថាមពលព្រះអាទិត្យខ្នាតយក្សមួយនៅក្នុងរដ្ឋ Indiana នៅលើផ្ទៃដីទំហំ ៥,២៦១ ហិកតា។
រដ្ឋ Indiana នឹងក្លាយជាទីដែលមានរោងចក្រផលិតអគ្គិសនីដែលប្រើប្រាស់ថាមពលព្រះអាទិត្យធំជាងគេបង្អស់នៅ សហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មាន AFP។
រោងចក្រដែលមានឈ្មោះថា Mammoth Solar នេះ មានទំហំ ៥,២៦១ ហិកតា ដែលប្រហាក់ប្រហែលនឹងទីលានបាល់ឱប (American Football) ចំនួន ៩,៨៥០ ឯណោះ។
ដំណើរការសាងសង់ត្រូវបានចាប់ផ្ដើមនៅក្នុងតំបន់ជនបទ ស្ថិតនៅចន្លោះខណ្ឌ Starke និង Pulaski ដែលមានចម្ងាយពីទីក្រុង South Bend ប្រហែល ៨០ គីឡូម៉ែត្រ ទៅទិសនិរតី។
តាមគម្រោង រោងចក្រ Mammoth Solar នឹងត្រូវបានសាងសង់រួចរាល់នៅក្នុងឆ្នាំ 2024 ដោយមានបំពាក់ផ្ទាំងស្រូបកម្ដៅព្រះអាទិត្យ (ផ្ទាំងសូឡារ) ចំនួន ២.៨៥ លានផ្ទាំង។ នៅក្នុងអំឡុងពេលនោះ វានឹងផលិតអគ្គិសនីសរុបបាន ១.៦៥ ជីហ្គាវ៉ាត់ (gigawatt) គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ផ្ទះចំនួន ២៥០,០០០ ខ្នង។
អគ្គិសនីស្ទើរតែទាំងអស់ដែលផលិតបាន នឹងត្រូវបានផ្គត់ផ្គង់ដល់បណ្ដាគ្រួសារ និងក្រុមហ៊ុនទាំងឡាយដែលនៅជុំវិញគម្រោងរោងចក្រនេះ។ ថាមពលអគ្គិសនីដែលនៅសល់នឹងត្រូវបានបញ្ជូនទៅកាន់តំបន់ផ្សេងៗដែលត្រូវការ៕