Skip to content

ស្រុក​ល្វាឯម រៀបចំ​ប្រណាំងទូក អបអរសាទរ​ខួប ៣ ឆ្នាំ នៃ​ការដាក់បញ្ចូល​ល្ខោនខោល ទៅក្នុង​បញ្ជី​របស់ យូណេស្កូ

ដើម្បី​ចូលរួម​រក្សា​ប្រពៃណី​ទំនៀមទម្លាប់ និង​ដើម្បី​អបអរសាទរ​ខួប ៣ ឆ្នាំ នៃ​ការដាក់បញ្ចូល​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត របស់​ស្រុក​ល្វាឯម ក្នុង​ខេត្តកណ្ដាល ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ ក៏ដូចជា​ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ រដ្ឋបាល​ស្រុក​ល្វាឯម បានរៀបចំ​ពិធី​ប្រណាំងទូក​ដ៏​គគ្រឹកគគ្រេង​មួយ នៅ​រសៀល​ថ្ងៃទី ២៨ វិច្ឆិកា ២០២។

ពិធី​ប្រណាំងទូក​ដែល​ត្រូវបាន​ធ្វើឡើង​នៅឯ​មាត់​ទន្លេមេគង្គ ទល់មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម​ស្ថិតក្នុង​ភូមិ​វាល​ធំ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ទទួលបាន​ការចូលរួម​ទស្សនា​កម្សាន្ត​ពី​ប្រជាពលរដ្ឋ​រាប់ពាន់នាក់។ នេះ​បើតាម លោក កន សុខកាយ អភិបាលស្រុក​ល្វាឯម។

លោក​អភិបាលស្រុក បានឱ្យដឹងថា ការបង្កើត​ពិធី​ប្រណាំងទូក​នេះ​គឺ​ដើម្បី​បង្កលក្ខណៈ​សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ រក្សា​នូវ​ប្រពៃណី​ទំនៀមទម្លាប់​ពី​ដូនតា និង ពង្រឹងស្មារតី​សាមគ្គីភាព​គ្នា ស្រប​ពេលដែល​រាជរដ្ឋាភិបាល​បានសម្រេច​បើក​ប្រទេស​ឡើងវិញ និង​ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក ពិសេស​គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ខួប ៣ឆ្នាំ​នៃ​ការដាក់បញ្ចូល​ល្ខោនខោល វត្ត​ស្វាយ​អណ្ដែត របស់​ស្រុក​ល្វាឯម ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ (២៨ វិច្ឆិកា ឆ្នាំ ២០១៨-២៨ វិច្ឆិកា ២០២១)។

ព្រឹត្តិការណ៍​ប្រណាំង​ដែលមាន​ទូក​ចូលរួម​សរុប​ចំនួន ៥០ ទូក ក្នុងនោះ មាន​ទូកខ្លី​ចំនួន ២៤ ទូក និង​ទូកវែង​ចំនួន ២៦ ទូក របស់​ស្រុក​ល្វាអែម លើក​នេះ ត្រូវបាន​ធ្វើឡើង​រយៈពេល ២ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ២៨ វិច្ឆិកា៕

Leave a Reply

Your email address will not be published. Required fields are marked *