Skip to content

ជីវប្រវត្តិសង្ខេប​របស់​សម្តេច​ក្រុមព្រះ​ ​នរោត្តម​ ​រណឫទ្ធិ​ ដែល​បាន​យាង​សោយ​​ទិវង្គត ក្នុង​ព្រះជន្ម ៧៧​ ព្រះវស្សា

សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ យាង​សោយ​ព្រះ​ទិវង្គត ក្នុង​ព្រះជន្ម ៧៧​ព្រះវស្សា នា​សាធារណរដ្ឋ​បារាំង វេលា​ម៉ោង ៣:៤០​នាទី ម៉ោង​នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​ ២៨ ខែ​វិច្ឆិកា ឆ្នាំ ​២០២១ ដោយ​ព្រះ​រោគាពាធ។

សម្តេច​ក្រុមព្រះ ​នរោត្តម​ ​រណឫទ្ធិ​ ​ជា​ព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ​និង​ព្រះ​ប្រធាន​ក្រុមប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ​។​ ​ព្រះអង្គ​ធ្លាប់ធ្វើ​ជានា​យក​រដ្ឋ​មន្រ្តី​ទីមួយ​នៃ​រដ្ឋាភិបាល​កម្ពុជា​ ​និង​​ធ្លាប់ធ្វើ​ជា​ប្រធានរដ្ឋសភា​ជាតិ​។​

ព្រះអង្គ​ប្រ​សូត្រ​ ​កាលពី​ថ្ងៃ​ទី​២​ ​ខែ​​មករា​ ​ឆ្នាំ​ ១៩៤៤​ ​នា​រាជធានី​ភ្នំពេញ​។​ ​ទ្រង់​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​បរម​រត​ន​កោដ្ឋ​ ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម​ ​សីហនុ ​និង​អ្នកម្នាង​ ​ផាត់​ ​កាញ៉ុល​ ​ដែល​ជា​នាដការី​ ​នៃ​របាំ​ព្រះរាជទ្រព្យ​។​ ​ព្រះអង្គ​ជា​ព្រះ​អា​ណុ​ច​ (​ឬ​ប្អូន​បង្កើត​) ​របស់​សម្តេច​រាជបុត្រី​ព្រះរាម​ ​នរោត្តម​ ​បុប្ផា​ទេវី​។​ ​ព្រះអង្គ​ជា​ព្រះ​ជេដ្ឋា ​(​ឬ​បងប្រុស​) ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ ​ព្រះ​បរមនាថ​ ​នរោត្ដម​-​សីហមុនី​ ​ប៉ុន្តែ​ព្រះ​មាតា​ទីទៃ​ ​បិតា​តែមួយ​។​

ព្រះអង្គ​មាន​មហេសី​ពីរ​។​ ​មហេសី​ទីមួយ​ ​គឺ​ព្រះអង្គម្ចាស់​ក្សត្រិយ៍​នរោត្តម​ ​ម៉ារី​ ​រណឫទ្ធិ (​ឈ្មោះ​ដើម​អ្នកស្រី​ ​អេង​ ​ម៉ារី​) ​បាន​បុត្រ​បី​អង្គ​ ​គឺ​ព្រះអង្គម្ចាស់​ ​នរោត្ដម​ ​ចក្រាវុឌ្ឍ ​ព្រះអង្គម្ចាស់​ ​នរោត្តម​ ​សីហឫទ្ធិ​ ​និង​ព្រះអង្គម្ចាស់ក្សត្រីយ៍ ​នរោត្តម​ ​រតនា​ទេវី​។​ ​មហេសី​ទីពីរ ​គឺ​អ្នកម្នាង​ ​អ៊ុក​ ​ផល្លា​ ​ដែល​ជា​អ្នក​របាំ​បុរាណ​ដ៏​ឆ្នើម​ម្នាក់​។​ ​ជាមួយ​អ្នកម្នាង​ ​អ៊ុក​ ​ផល្លា​ ​ទ្រង់​បាន​បុត្រ​ពីរ​អង្គ​ ​គឺ​អ្នកអង្គម្ចាស់​ ​នរោត្តម​ ​សុធាឫទ្ធិ​ ​និង​ ​អ្នកអង្គម្ចាស់​ ​នរោត្ដម​ ​រណវង្ស​។​ ​អ្នកម្នាង​ ​អ៊ុក​ ​ផល្លា​ ​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ​នៅ​ស្រុក​ព្រៃ​នប់​ ​ខេត្ត​ព្រះ​សី​ហ​នុ ​កាលពី​ឆ្នាំ​ ​២០១៨​។​ ​ក្នុង​គ្រោះថ្នាក់​នោះ​ ​សម្តេច​ក្រុមព្រះ​នរោត្តម​ ​រណឫទ្ធិ​ ​រង​របួសធ្ងន់​ ​ដែល​ពិការ​ ​និង​ជិះ​លើ​រទេះរុញ​តាំងពី​ពេល​នោះ​ ​រហូតដល់​ថ្ងៃ​សោយទិវង្គត​៕

Leave a Reply

Your email address will not be published. Required fields are marked *