មហាសេដ្ឋីដែលជាកំពូលអ្នកវិនិយោគមួយរូប ធ្លាប់បានក្ស័យធន ធ្លាប់ត្រូវបង្ខំចិត្តបញ្ឈប់បុគ្គលិកទាំងអស់ និងធ្លាប់ត្រូវខ្ចីប្រាក់ ៤,០០០ ដុល្លារពីឪពុក ក៏ព្រោះតែភាពជឿជាក់លើខ្លួនឯងខ្លាំងពេក។
រ៉េ ដាលីយូ (Ray Dalio) គឺជាស្ថាបនិករបស់មូលនិធិវិនិយោគចូលហ៊ុនឯកជន (Venture capital fund) ធំជាងគេក្នុងពិភពលោក មានឈ្មោះថា Bridgewater Associates។ មូលនិធិដែលបច្ចុប្បន្នគ្រប់គ្រងទ្រព្យប្រមាណ ១៦០ ពាន់លានដុល្លារអាម៉េរិក នេះ ត្រូវបានគាត់បង្កើតឡើងកាលពីឆ្នាំ ១៩៧៥ នៅទីក្រុង នីវយ៉ក។ បច្ចុប្បន្ន លោក រ៉េ ដាលីយូ មានទ្រព្យសរុប ១៥.៦ ពាន់លានដុល្លារ នេះបើតាម Bloomberg Billionaires Index។
ក្នុងអត្ថបទមួយដែលបានបង្ហោះលើបណ្ដាញសង្គមកាលពីខែកក្កដា លោក រ៉េ ដាលីយូ បានចែករំលែកនូវអនុសាសន៍មួយចំនួនដែលបាននិយាយក្នុងសៀវភៅឆ្នាំ 2018 របស់លោក ដែលមានចំណងជើងថា «គោលការណ៍ជីវភាព និងការងារ» និយាយអំពីវិធីដើម្បីរកបានជោគជ័យ។ ក្នុងនោះ ក៏មានបញ្ជាក់អំពីវិធីដែលគ្រប់គ្នាអាចរៀនសូត្របានពីកំហុសឆ្គងរបស់ខ្លួន។
«អ្នកណាក៏មានចំនុចខ្សោយ ហើយវាតែងតែស្ដែងឱ្យឃើញនៅពេលអ្នកមានកំហុស» មហាសេដ្ឋី រ៉េ ដាលីយូ សរសេរនៅលើបណ្ដាញសង្គមដូច្នេះ។ «វិធីឆាប់រហស័យបំផុតដើម្បីជោគជ័យគឺការចាប់ផ្ដើមដឹងអំពីចំនុចខ្សោយរបស់ខ្លួនថាជាអ្វី និងតែងតែសម្លឹងមើលវា។ ចូរសរសេរចេញនូវចំណុចខ្សោយរបស់អ្នក រួចភ្ជាប់វាជាមួយគ្នា»។
ក្រោយមក អ្នកគ្រាន់តែផ្ដោតទៅលើចំណុចខ្សោយសំខាន់ៗចំនួន ៣ ដើម្បីអាចកែតម្រូវឱ្យបានល្អបំផុតដោយមិនត្រូវប្រឹងខ្លាំងពេក។
លោក រ៉េ ដាលីយូ ក៏បានបង្ហើបអំពីកំហុសឆ្គងផ្ទាល់ខ្លួន ក្នុងនោះក៏មានកាលៈទេសៈមួយដែលលោកហៅថា «កំហុសឆ្គងធំ»។ ឆ្នាំ ១៩៨២ លោកបាន «ភ្នាល់គ្រប់យ៉ាងទៅក្នុងវិបត្តិសេដ្ឋកិច្ចដែលមិនអាចកើតឡើង» ហើយលោកក៏បានបាត់បង់ប្រាក់ទាំងអស់នៅពេលទីផ្សារមូលបត្ររីកចម្រើន។ លោកត្រូវបង្ខំចិត្តបញ្ឈប់បុគ្គលិកទាំងអស់របស់ Bridgewater នៅពេលនោះ។
«ខ្ញុំក្ស័យធន និងត្រូវខ្ចីប្រាក់ពីឪពុក ៤.០០០ ដុល្លារ ដើម្បីទូទាត់ការចំណាយក្នុងគ្រួសារ»។ ប៉ុន្តែ លោក រ៉េ ដាលីយូ និយាយថា «កំហុសនេះគឺជាប្រការមួយល្អបំផុតដែលធ្លាប់បានកើតឡើងចំពោះខ្ញុំ» ព្រោះវាបានបង្ខំឱ្យលោកត្រូវប្រឈមនឹងចំណុចខ្សោយរបស់ខ្លួន ជាប្រការដែលបានបណ្ដាលឱ្យលោកមានកំហុសឆ្គងធំដល់ថ្នាក់នោះ។
«វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ត្រូវការធ្វើឱ្យមានតុល្យភាពនៃចំណេះដឹងផ្ទាល់ខ្លួន។ ជំនួសឱ្យការដែលចេះតែគិតថា «ខ្លួនឯងត្រូវ» ខ្ញុំត្រូវងាកមកសួរខ្លួនឯងថា «ធ្វើយ៉ាងណាទើបដឹងថា ខ្លួនឯងត្រូវ?»» មហាសេដ្ឋី រ៉េ ដាលីយូ បង្ហើបឱ្យដឹងដូច្នេះ។
មិនមែនលោក រ៉េ ដាលីយូ តែម្នាក់ទេដែលបានណែនាំឱ្យគ្រប់គ្នាស្វែងយល់អំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន។ មហាសេដ្ឋីបច្ចេកវិទ្យា ម៉ាក ឃ្យូបាន (Mark Cuban) ក៏ធ្លាប់បាននិយាយបែបនេះកាលពីឆ្នាំ ២០១៨ សម្រាប់អ្នកដែលចង់កែប្រែស្ថានការណ៍របស់ក្រុមហ៊ុន ឬអាជីវកម្ម។
លោក ម៉ាក ឃ្យូបាន និយាយថា៖ «ជាអ្នកជំនួញគឺត្រូវតែរកឱ្យឃើញនូវបញ្ហាដែលអាចផ្ដួលរំលំអ្នក មុនពេលអ្នកផ្សេងធ្វើរឿងនេះ»៕