ក្រុមហ៊ុនចិន Huawei បានប្រកាសបញ្ចុះតម្លៃ ១០០% លើទូរស័ព្ទឆ្លាតវៃ សម្រាប់ពលរដ្ឋអាម៉េរិក នៅក្នុងថ្ងៃ Black Friday ប៉ុន្តែ ជាក់ស្ដែង ពួកគេមិនបានលក់ផលិតផលណាមួយនៅទីផ្សារនេះ។
«Black Friday មួយដ៏ពិសេស។ យើងនឹងបញ្ចុះតម្លៃ ១០០% សម្រាប់រាល់ទូរស័ព្ទដែលកំពុងលក់នៅ សហរដ្ឋអាម៉េរិក» គណនី Huawei អាម៉េរិក បង្ហោះសារនៅលើ Twitter កាលពីថ្ងៃទី ២២ វិច្ឆិកា។
ប្រកាសរបស់ Huawei ទាក់ទាញបានការចុចចូលចិត្តជាង 10,000 លើក រួមនឹងមតិជាង 2,000 លើក។ មនុស្សជាច្រើនបានជឿលើព័ត៌មាននេះ និងបានសួរអំពីវិធីទិញផលិតផល។
នៅក្នុងសារបន្ទាប់ខាងក្រោម ក្រុមហ៊ុន Huawei បានសរសេរថា នេះគ្រាន់តែជាការលេងសើច ព្រោះថា ជាក់ស្ដែង ពួកគេ «មិនអាចលក់អ្វីបាននៅ សហរដ្ឋអាម៉េរិក»។
Huawei ត្រូវបាន អាម៉េរិក ដាក់ចូលក្នុងបញ្ជីក្រុមហ៊ុនរដ្ឋចិន តាំងពីខែឧសភា 2019 និងហាមប្រើប្រាស់បច្ចេកវិទ្យារបស់ អាម៉េរិក ដោយសារការព្រួយបារម្ភអំពីបញ្ហាសន្តិសុខជាតិ ធ្វើឱ្យផ្នែកឧបករណ៍ចល័តរបស់ក្រុមហ៊ុននេះ ចុះខ្សោយយ៉ាងឆាប់រហ័ស។
មុននោះ Huawei ឈរលំដាប់លេខ ៣ ក្នុងចំណោមក្រុមហ៊ុនទូរស័ព្ទធំបំផុតក្នុងពិភពលោក ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុននេះ ថែមទាំងលែងស្ថិតនៅក្នុង Top 5 ហើយកំពុងតែធ្លាក់ចុះជាបន្តបន្ទាប់ បង្ខំឱ្យមានការប្ដូរផ្លាស់ ដូចជាការងាកទៅផ្គត់ផ្គង់ការរចនារូបរាងទូរស័ព្ទ និងផលិតផលចល័តដល់ភាគីទីបី ឬលក់ទូរស័ព្ទកំណែចាស់។
ផ្នែកផលិតផលចល័តរបស់ Huawei បានខាតបង់ប្រាក់អស់យ៉ាងតិច 30 ពាន់លានដុល្លារក្នុងមួយៗ ដោយសារតែការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាម៉េរិក។ នេះបើតាមការឱ្យដឹងរបស់លោក អេរិក ស៊ូ (Eric Xu) ប្រធានប្ដូរវេននៃក្រុមហ៊ុន Huawei៕