កាមេរ៉ាឌីជីថលធំជាងគេបង្អស់ក្នុងពិភពលោក LSST នៅ ប្រទេសស៊ីលី នឹងជួយដល់ក្រុមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវកាឡាក់ស៊ី អាចម៍ផ្កាយ និងបាតុភូតអាថ៌កំបាំងនានានៅក្នុងទីអវកាស។
LSST កំពុងត្រូវបានដំឡើងនៅក្នុងបន្ទប់ពិសោធន៍ជាតិ SLAC ក្នុងរដ្ឋ California សហរដ្ឋអាម៉េរិក ដើម្បីត្រៀមសម្រាប់យកទៅដាក់ឱ្យដំណើរការនៅស្ថានីយតារាសាស្ត្រ Vera C. Rubin នៃ ប្រទេសស៊ីលី។ នេះបើតាម Interesting Engineering ដែលបានចុះផ្សាយកាលពីថ្ងៃទី 23 វិច្ឆិកា។
នៅពេលការដំឡើងបានចប់សព្វគ្រប់ គម្រោងនេះនឹងត្រូវបានគេប្រើប្រាស់ដើម្បីថតផ្ទៃមេឃនៅប៉ូលខាងត្បូងរបស់ផែនដី ចំនួន 3 ដងក្នុង 1 ថ្ងៃ ក្នុងបំណងស្រាវជ្រាវអំពីអវកាសដែលនៅឆ្ងាយ។
បេសកកម្មសង្កេតមើលបេតិកភណ្ឌនៃលំហ និងពេលវេលា (LSST) គឺជាគម្រោងស្រាវជ្រាវអវកាសភាគខាងត្បូងរយៈពេល 10 ឆ្នាំ នៅឯស្ថានីយតារាសាស្ត្រ Vera C. Rubin។ ស្ថានីយតារាសាស្ត្រនេះកំពុងត្រូវបានសាងសង់នៅលើកំពូល El Penon របស់ភ្នំ Cerro Pachon ដែលស្ថិតនៅភាគខាងជើងនៃ ប្រទេសស៊ីលី។
គម្រោងនេះនឹងជួយឱ្យអ្នកវិទ្យាសាស្ត្រយល់កាន់តែច្បាស់អំពីថាមពលងងឹត និងវត្ថុងងឹត ដំណើរការកកើតរបស់កាឡាក់ស៊ីមីលគីវ៉េ ចំនុចពិសេសរបស់ដុំអាចម៍ផ្កាយ ឬកូនភពក្នុងប្រព័ន្ធព្រះអាទិត្យ គន្លងគោចររបស់អាចម៍ផ្កាយដែលអាចបង្កគ្រោះថ្នាក់ដល់ផែនដី រួមនឹងវត្តមាននៃបាតុភូតផ្ទុះដែលមិនទាន់ត្រូវបានរកឃើញជាដើម។
កាមេរ៉ា 3.2 ពាន់លានភិកសែលនេះ អាចមើលទៅដល់តំបន់មហាសែនឆ្ងាយ ដែលស្មើនឹងការមើលឃើញអតីតកាល និងថតរូបភាពតំបន់មួយដ៏ធំ។ កាមេរ៉ានេះមានទទឹងប្រវែង 1.7 ម៉ែត្រ និងបណ្ដោយ 3 ម៉ែត្រ។ ផ្ទៃខាងមុខរួមមានឡែនចំនួន 3 និងប្រព័ន្ធចម្រាញ់រូបភាព ខណៈខាងក្រោយគឺជាផ្ទៃរាបស្មើនៃប្រព័ន្ធ Focal Plane។
តាមគម្រោងដំបូង កាមេរ៉ានេះនឹងត្រូវបានដំឡើងនៅ ប្រទេសស៊ីលី ឆ្នាំ 2014 ប៉ន្តែ វាត្រូវបានពន្យារពេលដល់បច្ចុប្បន្ន ដោយសារមានបញ្ហាជាច្រើនត្រូវដោះស្រាយ៕