ក្រសួងអប់រំ យុវជន និងកីឡា របស់ កម្ពុជា ប្រកាសផ្តល់អាហារូបករណ៍ចំនួនរាប់សិបកន្លែងដល់និស្សិត ទៅបន្តការសិក្សានៅ ប្រទេសហុងគ្រី (Hungary) សម្រាប់ឆ្នាំសិក្សា 2022-2023។
ក្នុងក្របខណ្ឌនៃកម្មវីធី អាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលនៃ ប្រទេសហុងគ្រី នឹងផ្ដល់អាហារូបករណ៍ចំនួន 30 កន្លែង ដល់និស្សិតរបស់ កម្ពុជា ដើម្បីទៅបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសនេះ សម្រាប់ឆ្នាំសិក្សា 2022-2023 ដែលចាប់ផ្ដើមពីខែកញ្ញា ឆ្នាំ 2022 តទៅ។ នេះបើតាម សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។
ចំពោះនិស្សិតដែលមានបំណងចង់បន្តការសិក្សានេះ តាមកម្មវិធីខាងលើ អាចដាក់ពាក្យតាមរយៈ៖ http://apply. stipendiumhungaricum.hu ឬ www.stipendiumhungaricum.hu ឱ្យបានមុនថ្ងៃទី 15 ខែមករា ឆ្នាំ 2022។
បេក្ខជនក៏តម្រូវឱ្យមកចុះឈ្នោះនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ 80 មហាវីថីព្រះនរោត្តម (ស្ថិតនៅក្នុងទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា) ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី 21 ខែមករា ឆ្នាំ 2022៕