(ជប៉ុន)-បច្ចេកវិទ្យាថ្មីដែលជាកិច្ចសហការអភិវឌ្ឍរវាងក្រុមហ៊ុន Honda និង SoftBank អាចជួយឱ្យរថយន្តធ្វើការព្រមានដល់អ្នកថ្មើរជើង ឱ្យចាកចេញពីផ្លូវរថយន្ត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។
ក្នុងប្រកាសនាពេលថ្មីៗនេះ ភាគីក្រុមហ៊ុនខាងលើឱ្យដឹងថា បានចាប់ផ្ដើមប្រើប្រាស់សាកល្បងនូវបច្ចេកវិទ្យាដែលយោងទៅតាមស្ថានភាពលើដងផ្លូវ ដើម្បីកាត់បន្ថយហានិភ័យនៃការគ្រោះថ្នាក់រវាងរថយន្ត និងអ្នកថ្មើរជើង។ បច្ចេកវិទ្យានេះ ប្រើប្រាស់ប្រព័ន្ធ 5G SA និងប្រព័ន្ធទំនាក់ទំនង V2X (Vehicle to Everything) ដែលបច្ចុប្បន្នត្រូវបានសាកល្បងនៅ ប្រទេសជប៉ុន។
ក្នុងស្ថានភាពទីមួយ អ្នកថ្មើរជើងបង្ហាញខ្លួនក្នុងរង្វង់នៃការមើលឃើញរបស់រថយន្ត។ ពេលនោះ បើសិនជាកាមេរ៉ារបស់រថយន្តមើលឃើញថាមានហានិភ័យនៃការប៉ះទង្គិចជាមួយអ្នកដើរ រថយន្តនឹងបញ្ជូនសារព្រមានទៅកាន់ទូរស័ព្ទរបស់អ្នកថ្មើរជើង តាមរយៈសេវា MEC (Multi-access edge computing ដែលមុននោះគឺ mobile edge computing)។ ប្រការនេះជួយឱ្យអ្នកថ្មើរជើងអាចគេចចេញពីផ្លូវរបស់រថយន្តទាន់ពេល។
ក្នុងស្ថានភាពទីពីរ អ្នកថ្មើរជើងស្ថិតនៅក្នុងចំនុចកំបាំង។ ពេលនោះ រថយន្តនឹងពិនិត្យតាមរយៈឧបករណ៍ចល័ត និងរថយន្តផ្សេងៗដែលនៅក្បែរនោះ ដើម្បីឱ្យប្រាកដថា មានអ្នកថ្មើរជើងណានៅជុំវិញទីនោះ ឬអត់។ បើមាន ប្រព័ន្ធនឹងព្រមានដល់ម្ចាស់រថយន្ត ក៏ដូចជាអ្នកថ្មើរជើងនោះ។
ក្នុងស្ថានភាពទីបី ទិន្នន័យស្ដីពីតំបន់ជាក់លាក់ណាមួយ ត្រូវបានចែករំលែកតាមរយៈប្រព័ន្ធរួម ដល់បណ្ដារថយន្ត។ ពេលនោះ បណ្ដារថយន្តដែលកំពុងបរ នឹងផ្ញើសារស្ដីពីទីតាំងដែលពិបាកមើលឃើញ ទៅកាន់សេវា MEC ហើយ MEC នឹងបញ្ជូនសារព្រមានដល់បណ្ដារថយន្តដែលស្ថិតនៅក្នុងទីតាំងក្បែរៗនោះ។
យោងតាម Bloomberg ក្រុមហ៊ុន Honda និង SoftBank បានចាប់ផ្ដើមសហការគ្នាអភិវឌ្ឍបច្ចេកវិទ្យានេះតាំងតែពីឆ្នាំ 2017។ តាមផែនការ នៅចុងខែមីនា 2022 ពួកគេនឹងតភ្ជាប់ប្រព័ន្ធនានាដែលកំពុងសាកល្បង ឱ្យទៅជាប្រព័ន្ធតែមួយ៕