ភ្នំពេញ៖ ធនាគារស៊ីអាយអឹមប៊ី ភីអិលស៊ី បានសហការជាមួយធនាគារជាតិនៃកម្ពុជា បើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយបន្ថែមទៀតដែលជាសាខាទី13នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញដើម្បីបម្រើសេវាកម្មជូនអតិថិជនឱ្យបានកាន់តែល្អប្រសើរ។
ថ្លែងក្នុងពិធីសម្ពោធនេះលោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិនៃធនាគារស៊ីអាយអឹមប៊ី ភីអិលស៊ីមានប្រសាសន៍ថា ធនាគារស៊ីអាយអឹមប៊ីសម្រេចបានជោគជ័យក្នុងការកសាងនូវគ្រឹះស្ថានមួយដែលពោរពេញដោយបុគ្គលិកក្នុងស្រុកដ៍មានទេពកោសល្យចំនួន 99.70% គឺជាជនជាតិខ្មែរ គិតចាប់ពីគណៈគ្រប់គ្រងជាន់ខ្ពស់រហូតដល់បុគ្គលិកទូទៅ។
ការប្តេជ្ញាចិត្តចំពោះគោលដៅយូរអង្វែងរបស់ធនាគារក្នុងការរួមចំណែកលើកកម្ពស់សមត្ថភាពផ្នែកធនាគាររបស់បុគ្គលិកជនជាតិខ្មែរ គឺស្ថិតនៅជាអាទិភាពចម្បងដ៍សំខាន់បំផុត ហើយយើងសង្ឃឹមជឿជាក់ថា អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងអ្នកជំនាញផ្នែកធនាគារជំនាន់ក្រោយនៅក្នុងប្រទេស។
លោកបន្តថា ស៊ីអាយអឹមប៊ី ក៍ជាផ្នែកមួយនៃការទទួលខុសត្រូវសង្គមតាមរយៈការជួយត្រឡប់ទៅដល់សហគមន៍ដែលយើងបានប្រកបអាជីវកម្ម ក្នុងនោះធនាគារ ស៊ីអាយអឹមប៊ី បានរៀបចំយ៉ាងជោគជ័យនូវគម្រោង «សុខភាពល្អជាមួយស៊ីអាយអឹមប៊ី» នៅតាមសាលារៀនដាច់ស្រយាល ដែលជួបការលំបាកដើម្បីលើកកម្ពស់សារៈសំខាន់នៃជីវិតរស់នៅប្រកបដោយសុខភាពល្អសម្រាប់ឧត្តមភាពការសិក្សានាពេលអនាគត។ ក្រៅពីនេះយើងបានលើកទឹកចិត្តដល់និស្សិតកម្ពុជាផងដែរក្នុងការដាក់ពាក្យសម្រាប់កម្មវិធីអាហារូបករណ៍តំបន់អាស៊ានរបស់ស៊ីអាយអឹមប៊ី និងមានមោទនភាពក្រៃលែងដែលនិស្សិតរបស់កម្ពុជាមួយរូប ត្រូវបានជ្រើសរើសជាមួយនឹងនិស្សិត15 រូបទៀតមកពីអាស៊ានក្នុងនាមជានិស្សិតជយលាភីអាហារូបករណ៍តំបន់អាស៊ានរបស់ស៊ីអាយអឹមប៊ីសម្រាប់ការសិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសកាណាដា។
ផ្អែកលើកំណើនអតិថិជន រួមនឹងសក្តានុពលនៃការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា យើងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយអតិថិជនឱ្យទទួលបានអត្ថប្រយោជន៍នេះដើម្បីភាពជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន «ការបើកសម្ពោធសាខាទឹកថ្លាថ្មីរបស់យើងគឺដើម្បីឈានឱ្យកាន់តែជិត ហើយអាចផ្តល់នូវសេវាកម្មកាន់តែល្អប្រសើរ និងការរីកចម្រើនស្ថិតស្ថេរយូរអង្វែង»។
ជាមួយគ្នានេះដែរ លោក រ័ត្ន សុវណ្ណរនៈ តំណាងធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា ជាមួយនឹងកំណើនសេដ្ឋកិច្ច7% ជារៀងរាល់ឆ្នាំបានធ្វើឱ្យវិស័យធនាគារមានការរីកលូតលាស់ឆាប់រហ័សដែលធ្វើឱ្យទ្រព្យសកម្មក្នុងវិស័យធនាគារកើនឡើង 20% ស្មើនឹង125%នៃផលិតផលក្នុងស្រុកសរុប ចំណែកប្រាក់បញ្ញើបានកើនឡើង22% ស្មើនឹង74% នៃផលិតផល ក្នុងស្រុកសរុប រីឯឥណទានកើនឡើងប្រមាណជា18% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2016។ ដោយឡែកចំពោះស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារស៊ីអាយអឹមប៊ី ភីអិលស៊ី ក៏កំពុងមានភាពល្អប្រសើរផងដែរតាមរយៈកំណើននៃទ្រព្យសកម្ម កំណើនឥណទាន និងកំណើនប្រាក់ចំណេញរបស់ខ្លួន៕