ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើភាគី វៀតណាម ជំរុញឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញ ដែលសំណើនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកអគ្គរដ្ឋទូតវៀតណាម ថ្មី ប្រចាំ កម្ពុជា កាលពីព្រឹកមិញ។
នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី 24 វិច្ឆិកា 2021 នេះ សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជា មួយឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាម ថ្មី ប្រចាំនៅ កម្ពុជា។
ឯកឧត្តម ង្វៀន ហ៊ុយតាំង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរបស់ វៀតណាម ជូនចំពោះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា និងបានថ្លែងអំណរគុណចំពោះ កម្ពុជា ដែលបានជួយដល់ វៀតណាម នាពេលកន្លង ក៏ដូចជាជំនួយជាបរិក្ខាពេទ្យ និងវ៉ាក់សាំងប្រឆាំង COVID-19 ដល់ វៀតណាម។ នេះបើតាម ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន។
ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រមុខរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាង កម្ពុជា និង វៀតណាម បានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺ COVID-19។ សម្ដេច ក៏បានលើកទឹកចិត្តឱ្យ ឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្តទុកដាក់ជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
ជាងនេះ សម្ដេចតេជោ ក៏បានស្នើឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា ជំរុញឱ្យមានការហោះហើរត្រង់ទៅមក រវាង កម្ពុជា និង វៀតណាម ផងដែរ៕