ភ្នំពេញ៖ ក្នុងការពង្រឹងវិស័យកម្មសិទ្ធិបញ្ញា និងការកសាងម៉ាកយីហោ ក្រសួងពាណិជ្ជកម្ពុជាបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយរដ្ឋបាលជាតិឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន។
ពិធីនេះប្រព្រឹត្តទៅក្រោមគណៈអធិបតីភាពឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ម៉ា ហ្សិងគី (Ma Zhengqi) អនុរដ្ឋមន្ត្រីនៃរដ្ឋបាលជាតិឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងនៃការផ្តួចផ្តើមឱ្យមានការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែទូលំទូលាយដោយឈរលើមូលដ្ឋានស្មើភាព និងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកលើវិស័យម៉ាក និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ព្រមទាំងជំរុញការកសាងម៉ាកកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា និងចិន។
អនុស្សរណៈនេះក៏មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តកម្មសិទ្ធិបញ្ញាតាមរយៈការគាំពារផលប្រយោជន៍អ្នកប្រើប្រាស់ និងផលិតករឱ្យកាន់តែមានប្រសិទ្ធភាព ខណៈពេលដែលប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា មានភាពទន់ខ្សោយនៅឡើយចំពោះការទប់ស្កាត់ការលួចបន្លំ។
តាមរយៈអនុស្សរណៈនេះដែរ ប្រទេសទាំងពីរនឹងធ្វើការចែករំលែកលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ព្រមទាំងធ្វើទស្សនកិច្ចសិក្សាពីគ្នាទៅវិញទៅមកដើម្បីដកស្រង់បទពិសោធនៅលើវិស័យកម្មសិទិ្ធបញ្ញា និងការពង្រឹងកិច្ចការពារម៉ាកពាណិជ្ជកម្ម។
លើសពីនេះប្រទេសចិនក៏នឹងជួយបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកត្រួតពិនិត្យម៉ាកដល់ប្រទេសកម្ពុជា និងជួយជំរុញឱ្យមានការតាំងពិព័រណ៍ផលិតផលខ្មែរក៏ដូចជាការកសាងម៉ាកយីហោរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិបន្ថែមទៀត៕