Skip to content

ឥណ្ឌា មានបំណង​ដាក់​បម្រាម និង​ការកំណត់​លើ​រូបិយវត្ថុ​ឌីជីថល​​ របស់​ឯកជន​ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​រដ្ឋ

រដ្ឋាភិបាល​ឥណ្ឌា ជិត​ដាក់​សេចក្ដីព្រាងច្បាប់​ថ្មី ឡើងទៅ​សភា ក្នុង​បំណង​ទប់ស្កាត់​រូបិយវត្ថុ​ឌីជីថល​ឯកជន​ស្ទើរតែ​ទាំងអស់ មុនពេល​ធនាគារជាតិ​បញ្ចេញ​ប្រាក់​ឌីជីថល​ផ្ទាល់ខ្លួន។

រដ្ឋាភិបាល​ឥណ្ឌា កាលពី​ថ្ងៃទី 23 វិច្ឆិកា បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់ «ប្រាក់​ឌីជីថល និង​ការកំណត់​អំពី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ប្រាក់​ឌីជីថល» នឹង​អនុញ្ញាតឱ្យ​ប្រើប្រាស់​ប្រាក់​ឌីជីថល តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ។ សេចក្ដីព្រាងច្បាប់​នេះ​នឹងត្រូវ​បានដាក់​ឡើងទៅ​កាន់​សភាជាតិ​ដើម្បី​ពិនិត្យ អនុម័ត នៅក្នុង​កិច្ចប្រជុំ​នា​រដូវ​ត្រជាក់ ដែល​ចាប់ផ្ដើម​ពី​ចុងខែ​វិច្ឆិកា 2021។

តាមរយៈ​សេចក្ដីព្រាងច្បាប់​នេះ ឥណ្ឌា ក៏​កំពុង​តែមាន​គម្រោង​ដាក់ឱ្យ​ប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល ដែល​បោះផ្សាយ​ដោយ​ធនាគារជាតិ (RBI) ផងដែរ។ កន្លងមក RBI បាន​សម្ដែង​ការព្រួយបារម្ភ​ខ្លាំង​អំពី​ប្រាក់​ឌីជីថល​ឯកជន ហើយ​គ្រោង​នឹង​បញ្ចេញ​រូបិយវត្ថុ​ឌីជីថល​ដោយឡែក​របស់ខ្លួន​នៅ​ធ្នូ 2021។

Bitcoin ជា​រូបិយវត្ថុ​ឌីជីថល មានតម្លៃ​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក កំពុង​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ 60,000 ដុល្លារ/Bitcoin។ ប្រាក់​ឌីជីថល​ឯកជន​នេះ បាន​ឡើងថ្លៃ​ទ្វេដង រាប់​ចាប់ពី​ដើមឆ្នាំ 2021 និង​កំពុង​ទាក់ទាញ​អ្នកវិនិយោគ​យ៉ាងខ្លាំង​ក្លា។

ប្រទេស​ឥណ្ឌា បច្ចុប្បន្ន​មាន​អ្នកវិនិយោគ​លើ​ប្រាក់​ឌីជីថល ប្រមាណ​ពី 15 ទៅ 20 លាន​នាក់ ជាមួយនឹង​ខ្ទង់​ប្រាក់​សរុប​ប្រហែល 400 ពាន់​លាន​រូពី (5.39 ពាន់​លាន​ដុល្លារ​អាម៉េរិក)។

ថ្មីៗនេះ នាយករដ្ឋមន្ត្រី Narendra Modi បាន​បើក​កិច្ចប្រជុំ​មួយ​ដែល​ពិភាក្សា​អំពី​អនាគត​របស់​ប្រាក់​ឌីជីថល ក្នុង​គ្រា​ដែលមាន​ការព្រួយបារម្ភ​ថា ទីផ្សារ​ហិរញ្ញវត្ថុ​ឌីជីថល​ដែល​មិន​ត្រូវបាន​គ្រប់គ្រង អាច​បង្កលក្ខណៈ​ងាយស្រួល​ដល់​សកម្មភាព​លាង​លុយ និង​ការគាំទ្រ​អំពើ​ភេរវកម្ម៕

Leave a Reply

Your email address will not be published. Required fields are marked *