មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី 22 វិច្ឆិកា បានព្រមានដល់ ប្រទេសអែលសាល់វ៉ាឌ័រ ថា មិនគួរប្រើប្រាស់ Bitcoin ធ្វើជារូបិយវត្ថុផ្លូវការរបស់រដ្ឋទេ ដោយសារតែប្រាក់ឌីជីថលនេះមានផ្ទុកហានិភ័យច្រើន។
ក្នុងប្រកាសមួយដែលបានផ្ញើទៅកាន់ ប្រទេសអែលសាល់វ៉ាឌ័រ មូលនិធិរូបិយវត្ថុអន្តរជាតិ បានសង្កត់ធ្ងន់ថា ដោយសារតែតម្លៃរបស់ Bitcoin មានការប្រែប្រួលខ្លាំង ការប្រើប្រាស់ Bitcoin ជារូបិយវត្ថុស្របច្បាប់ នឹងនាំឱ្យមានហានិភ័យខ្ពស់ក្នុងបញ្ហាការពារអតិថិជន តម្លាភាព និងស្ថិរភាពផ្នែកហិរញ្ញវត្ថុ។ យោងតាម IMF ការប្រើប្រាស់ Bitcoin ក៏មានហានិភ័យបង្កជាខ្ទង់បំណុលហិរញ្ញវត្ថុភ្លាមៗផងដែរ ដូច្នេះ Bitcoin មិនគួរត្រូវបានប្រើប្រាស់ជាប្រាក់ស្របច្បាប់។
IMF ក៏បានផ្ដល់អនុសាសន៍ដល់ អែលសាល់វ៉ាឌ័រ ថា គួរបង្រួមវិសាលភាពរបស់ច្បាប់របស់ប្រទេសនេះ ដែលបានអនុញ្ញាតឱ្យ Bitcoin ក្លាយជារូបិយវត្ថុស្របច្បាប់។ ទន្ទឹមនឹងនេះ IMF ក៏បានជំរុញឱ្យ អែលសាល់វ៉ាឌ័រ រឹតបន្តឹងលើការកំណត់ និងគ្រប់គ្រងប្រព័ន្ធទូទាត់ថ្មី ទាក់ទងនឹង Bitcoin។
សូមរំលឹកថា មុននេះមួយថ្ងៃ អែលសាល់វ៉ាឌ័រ បានប្រកាសអំពីគម្រោងសាងសង់ «ទីក្រុង Bitcoin» ដំបូងគេក្នុងពិភពលោក ដោយប្រើប្រាស់ទុនវិនិយោគដំបូងដែលប្រមូលបានពីមូលបត្របំណុលរបស់ Bitcoin។
អែលសាល់វ៉ាឌ័រ បានប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក អស់រយៈពេល 2 ទសវត្សរ៍មកហើយ។ កាលពីខែកញ្ញា 2021 អែលសាល់វ៉ាឌ័រ បានក្លាយជាប្រទេសដំបូងគេក្នុងលោកដែលបានទទួលស្គាល់ប្រាក់ឌីជីថល Bitcoin នៅក្នុងការទូទាត់ ក្រោយពីការអនុម័តពីសភាជាតិ៕