រោងចក្រផលិតអគ្គិសនីទាញចេញពីពន្លឺព្រះអាទិត្យនៅខេត្តស្វាយរៀងដ៏ធំដំបូងគេរបស់កម្ពុជា ក្រោមការវិនិយោគរបស់ក្រុមហ៊ុន Sunseap Group ប្រទេសសិង្ហបុរីបានលេចចេញជារូបរាងហើយកាលពីដើមខែកញ្ញា ឆ្នាំ 2017នេះ។
ឧទ្យានថាមពលពន្លឺព្រះអាទិត្យនេះ ធ្វើឡើងលើផ្ទៃដី 21 ហិកតាដោយចំណាយទឹកប្រាក់អស់ប្រមាណ 14 លានដុល្លារ និងអាចផលិតថាមពលបានក្នុងទំហំ 10 មេហ្គាវ៉ាត់ (MK) បានចាប់ផ្តើមដំណើរការហើយនៅទីក្រុងបាវិត ខេត្តស្វាយរៀង ហើយនឹងបង្កើនថាមពលបន្ថែមនៅឆ្នាំក្រោយ។ គម្រោងមួយនេះ បានកើតឡើងក្រោយពីមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ីក្នុងការផ្តល់ប្រាក់កម្ចីជាទឹកប្រាក់ 9,2 លានអឺរ៉ូដល់ក្រុមហ៊ុន Sunseap Group ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
កញ្ចប់ហិរញ្ញប្បទានដែលត្រូវបានផ្តល់ដោយនាយកដ្ឋានប្រតិបត្តិការវិស័យឯកជនរបស់ធនាគារអភិវឌ្ឍន៍អាស៊ីរួមបញ្ចូលទាំងការផ្តល់សហហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុវិស័យឯកជនតាមរយៈកម្មវិធីឥណទានខ្នាតតូចបំផុតរបស់ ADB និងកម្ចីសម្បទានពីមូលនិធិអាកាសធាតុកាណាដាសម្រាប់វិស័យឯកជននៅអាស៊ី (CFPS) ។ កម្ចីរបស់ CFPS មានសារៈសំខាន់ក្នុងការជួយដល់អ្នកឧបត្ថម្ភដើម្បីជម្នះនូវហានិភ័យនៃការផ្លាស់ប្តូរដើមដំបូង និងបុព្វលាភចំណាយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងគម្រោងទីមួយនៃប្រភេទនេះ។
ឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយក្នុងដំណើរចុះពិនិត្យដំណើការនៃគម្រោងឧទ្យានថាមពលនោះឱ្យដឹងថា រោងចក្រថាមពលពន្លឺព្រះអាទិត្យនេះ គឺជាគម្រោងថាមពលស្អាតមិនប៉ះពាល់ដល់បរិស្ថាន ហើយគម្រោងនេះបង្ហាញឱ្យឃើញនូវការបោះជំហានថ្មីមួយទៀតរបស់ប្រទេសកម្ពុជាក្នុងការទាញថាមពលអគ្គិសនីពីធម្មជាតិ បន្ទាប់ពីការទាញថាមពលពីវារីអគ្គិសនី។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា គម្រោងនេះជាចំណែកមួយនៅក្នុងគោលនយោបាយពង្រីកថាមពល របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានទិសដៅតែមួយគឺ ធ្វើយ៉ាងណាឱ្យប្រជាជនគ្រប់ភូមិទាំងអស់នៅក្នុងប្រទេសកម្ពុជាមានភ្លើងអគ្គិសនីប្រើប្រាស់ឱ្យបានកាន់តែឆាប់។ ក្រុម Sunseap នឹងធ្វើការលក់ថាមពលទៅឱ្យអគ្គិសនីកម្ពុជាក្នុងតម្លៃទាប ក្នុងរយះពេល 20 ឆ្នាំ ហើយបន្ទាប់ពីជោគជ័យ អគ្គិសនីកម្ពុជានឹងសិក្សាគម្រោងឧទ្យានថាមពលពន្លឺព្រះអាទិត្យធំមួយទៀត ដែលមានទីតាំងនៅក្បែរៗរាជធានីភ្នំពេញវិញម្ដង៕