ជាផ្លូវការ កម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី សម្រាប់នាឆ្នាំ 2029 ដែលនេះគឺជារាយការណ៍របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ដំណឹងជាផ្លូវការនេះត្រូវបានលើកឡើងបន្ទាប់ពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាទទួលយកសិទ្ធិជាផ្លូវការ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីល្ងាចថ្ងៃអាទិត្យ ទី 21 ខែវិច្ឆិកា ឆ្នាំ 2021។
ឯកឧត្តម ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិកម្ពុជា (NOCC) និងក្នុងនាមជាអ្នករៀបចំការប្រកួតកីឡាយុវជនអាស៊ី និងឯកឧត្តម ឃួង ស្រេង ក្នុងនាមម្ចាស់ផ្ទះ រាជធានីភ្នំពេញ បានចុះហត្ថលេខាជាមួយប្រធានស្តីទីនៃក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដោយទទួលបានការអបអរសាទរពីបណ្តាប្រទេសទាំង 45 នៃ ទ្វីបអាស៊ី ដោយទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ 2029។
គណៈប្រតិភូកីឡារបស់ កម្ពុជា ដែលអញ្ជើញទៅបំពេញបេសកកម្មអន្តរជាតិ នៅ ប្រទេសអារ៉ាប់រួម នេះ រួមមាន ប្រធានគណៈប្រតិភូ ឯកឧត្តមបណ្ឌិត ថោង ខុន អមដំណើរដោយឯកឧត្តម ឃួង ស្រេង ឯកឧត្តម អ៊ុក សិទ្ធជាតិ អគ្គនាយកកីឡាដែលជាតំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម វ៉ាត់ ចំរើន។ល។