ក្រុមហ៊ុន Apple របស់ អាម៉េរិក ទើបតែបានដាក់ពាក្យសុំចុះឈ្មោះប័ណ្ណប៉ាតង់សម្រាប់រចនាបថលម្អិតនៃរូបរាងរបស់ iPhone ជំនាន់ថ្មីដែលធ្វើអំពីកញ្ចក់ទាំងស្រុង ដោយមានអេក្រង់ព័ទ្ធជុំវិញ អនុញ្ញាតឱ្យបង្ហាញរូបភាពទាំងអេក្រង់មុខ ទាំងអេក្រង់ក្រោយ។
យោងតាមសារព័ត៌មាន Daily Mail កញ្ចក់អាចជាទិន្នាការថ្មីបំផុតរបស់ Apple ហើយក្រុមហ៊ុននេះក៏កំពុងតែត្រៀមខ្លួនក្នុងការបញ្ចេញផលិតផលដែលប្រើប្រាស់កញ្ចក់ភាគច្រើន មានដូចជានាឡិកាឆ្លាតវៃ និងកុំព្យូទ័រជាដើម។
ពាក្យស្នើសុំប័ណ្ណប៉ាតង់ ទើបត្រូវបាន Apple បញ្ជូនទៅកាលពីសប្ដាហ៍មុន។ ប៉ុន្តែ ប្រការនេះមិនមែនមានន័យថា រចនាបថណាមួយដែលមាននៅក្នុងពាក្យស្នើសុំនោះ សុទ្ធតែនឹងត្រូវបានផលិតនោះឡើយ។
iPhone ដែលធ្វើអំពីកញ្ចក់ពិសេសនេះត្រូវបានអធិប្បាយថា ដូចទៅនឹងឧបករណ៍អេឡិចត្រូនិកដែលមានសម្បកជាកញ្ចក់។
ពាក្យស្នើសុំប័ណ្ណប៉ាតង់ រួមមានទាំងគំនូរដែលបង្ហាញថា ប៊ូតុងមួយចំនួននឹងមាននៅលើអេក្រង់កោងដែលលាតសន្ធឹងតាមបណ្ដោយគែមរបស់ទូរស័ព្ទ ក្នុងនោះមានដូចជា ប៊ូតុង Airplane mode, Wi-Fi និង ប៊ូតុងគ្រប់គ្រងសំឡេង។
ចំនុចពិសេសបំផុតនៅក្នុងរចនាបថនៃទូរស័ព្ទនេះគឺអេក្រង់ខាងក្រោយ ពោលគឺវាមានទាំងអេក្រង់មុខ និងអេក្រង់ក្រោយ។
ឯកសារថែមទាំងបានបរិយាយថា iPhone ថ្មីរបស់ Apple នឹងមានអេក្រង់ព័ទ្ធជុំវិញគែមទាំងឡាយរបស់វា ដើម្បីអនុញ្ញាតឱ្យផ្ទៃទាំង 6 របស់វាអាចបង្ហាញរូបភាព ឬយ៉ាងហោចណាស់ក៏ត្រូវបានបិទជិត និងមានរន្ធសម្រាប់មុខងារផ្សេង។
ទន្ទឹមនឹងនេះ Apple ក៏បានបង្ហាញអំពីរចនារូបរាងនៃនាឡិកាថ្លាមើលឃើញគ្រឿងក្នុង និងប្រអប់ sever case របស់កុំព្យូព័រ Mac Pro ផងដែរ។
បើទោះជាគំនិតស្ដីអំពី iPhone ធ្វើអំពីកញ្ចក់ថ្លា អាចនឹងមិនមានលទ្ធភាពត្រូវបានបង្កើតឡើងក៏ដោយ ប៉ុន្តែ រចនារូបរាងបែបនេះអាចបង្ហាញឱ្យគ្រប់គ្នាយល់អំពីទិសដៅថ្មីនាពេលអនាគតរបស់ Apple៕