ទិវាអក្ខរកម្មជាតិ អន្តរជាតិ ជាទិវាមួយដែលត្រូវបានគេប្រារព្ធធ្វើឡើងនៅថ្ងៃទី8 ខែកញ្ញាជារៀងរាល់ឆ្នាំ ដើម្បីជំរុញឱ្យមនុស្សគ្រប់គ្នាទទួលបានការអប់រំ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សម្រាប់ជួយដល់ការរស់នៅក្នុងសង្គម និងពិភពលោក។
សម្រាប់ឆ្នាំ2017នេះ នៅកម្ពុជាយើងនឹងប្រារព្ធទិវាអក្ខរកម្មជាតិ អន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មផ្សារភ្ជាប់នឹងសហគមន៍» ដែលបើយោងតាមក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញផងដែរថា ចំណុចសំខាន់ៗដែលគួរឱ្យចាប់អារម្មណ៍ក្នុងកម្មវិធីយ៉ាងមានសារៈសំខាន់នោះ គឺផ្តោតលើភាពសំខាន់នៃអក្ខរកម្មសម្រាប់ការអភិវឌ្ឍ សម្រាប់សេដ្ឋកិច្ចគ្រួសារ និងសម្រាប់ភាពសុខដុមក្នុងជីវិតរបស់ប្រជាជនគ្រប់រូប។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធីអក្ខរកម្មនេះត្រូវបានធ្វើឡើងដោយប្រទេសជាច្រើនក្នុងពិភពលោក ដើម្បីធ្វើឱ្យប្រជាជនមានចំណេះដឹងជាមូលដ្ឋានក្នុងការប្រកបរបរចិញ្ចឹមជីវិត រួមទាំងចាប់យកឱកាសជាច្រើនទៀតសម្រាប់ការអភិវឌ្ឍខ្លួនឯង។ ហេតុនេះហើយទើបក្រសួងអប់រំ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមិនបានចូលរៀននៅសាលាអាចចូលរៀននៅមជ្ឈមណ្ឌលសិក្សាសហគមន៍ប្រមាណជាង 350 កន្លែងដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋប្រមាណជា 17,000នាក់បានចេះអក្សរ។
លោក គួច គូលំអ ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួងអប់រំ បានលើកឡើងថា ការប្រារព្ធទិវាអក្ខរកម្មជាតិ អន្តរជាតិនៅឆ្នាំនេះ យើងនឹងធ្វើនៅខេត្តបាត់ដំបង ហើយកម្មវិធីនេះនឹងជួយដល់ប្រជាជននៅតាមមូលដ្ឋាន ព្រោះកាលណាពួកគាត់ចេះអក្សរ និងចេះលេខ ហើយមានជំនាញច្បាស់លាស់ គាត់នឹងអាចរកប្រាក់ចំណូលបាន។ លើសពីនេះ គាត់នឹងអាចចេះគិតពិចារណាបានត្រឹមត្រូវ ដោយអាចកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារបានទៀតផង។
លោកប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធបានបន្ថែមទៀតថា កម្មវិធីអក្ខរកម្មជាតិនេះបានលើកតម្កើងតម្លៃប្រជាធិបតេយ្យ ជួយអភិវឌ្ឍប្រទេសឱ្យការរស់នៅជាមួយគ្នាមានភាពសុខដុមរមនា និងបង្កើនសាមគ្គីភាពសហគមន៍៕