ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យបណ្ដាក្រុមហ៊ុនទេសចរណ៍ រៀបចំលក់កញ្ចប់ទស្សនាក្នុងតម្លៃមួយសរម្យ ដើម្បីអាចទាក់ទាញភ្ញៀវបរទេសដែលចាក់វ៉ាក់សាំងរួចរាល់ ចូលមកទស្សនា។
ប្រសាសន៍របស់លោក ត្រូវបានលើកឡើងនាថ្ងៃទី 17 ខែវិច្ឆិកា នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ចូលមក កម្ពុជា នៅខេត្តសៀមរាប។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អ្វីដែលយើងត្រូវត្រៀម គឺការអនុវត្តតាមស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យទេសចរបរទេស និងអ្នកដំណើរពីក្រៅប្រទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ ចូលមក កម្ពុជា។
គោលដៅតំបន់ទេសចរណ៍សំខាន់ៗចំនួន 6 នៅខេត្តសៀមរាប មានដូចជា តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន្ម-នរោត្តមភ្នំគូលែន តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី តំបន់ទេសចរណ៍អង្គរ តំបន់ទេសចរណ៍ក្រុងសៀមរាប តំបន់ទេសចរណ៍បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី ត្រូវបានដាក់ឱ្យអនុវត្តន៍ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ 2021-2023 ផងដែរ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ថោង ខុន៕