នៅពេលព្រឹត្តិការណ៍ចន្ទ្រគ្រាសកើតឡើង ពន្លឺមួយផ្នែករបស់ព្រះអាទិត្យនៅតែអាចឆ្លងកាត់បរិយាកាសផែនដី ហើយទៅដល់ព្រះចន្ទ បណ្ដាលឱ្យភពរណបមួយនេះប្រែជាពណ៌ក្រហម។
ចន្ទ្រគ្រាសមួយផ្នែកដែលមានរយៈពេលវែងជាងគេប្រចាំសតវត្សរ៍ និងវែងជាងគេក្នុងអំឡុង 580 ឆ្នាំ នឹងកើតមានឡើងក្នុងសប្ដាហ៍នេះ។ ព្រឹត្តិការណ៍ចន្ទ្រគ្រាសស្ទើរតែទាំងស្រុងនេះ កើតឡើងនៅពេលចន្ទពេញបូណ៌មី ហើយផែនដីគោចរដល់ចំនុចកណ្ដាល នៅចន្លោះព្រះចន្ទ និងព្រះអាទិត្យ។
ស្រមោលរបស់ផែនដី គ្របដណ្ដប់លើព្រះចន្ទ នាំឱ្យភពរណបធម្មជាតិនេះស្ថិតក្នុងភាពងងឹតក្នុងរយៈពេលជិត 3 ម៉ោង និង 30 នាទី។ ស្រមោលផែនដីនឹងបាំងពន្លឺស្ទើរតែទាំងអស់ដែលជះពីព្រះអាទិត្យ ធ្វើឱ្យព្រះចន្ទប្រែទៅជាពណ៌ក្រហមទុំ។
មូលហេតុដែលនាំឱ្យព្រះចន្ទត្រូវប្រែពណ៌ទៅជាក្រហមទុំនេះគឺដោយសារពន្លឺពីព្រះអាទិត្យ បើទោះជាត្រូវបាំងដោយផែនដី ប៉ុន្តែ វានៅតែកាច់កោងព័ទ្ធជុំវិញ និងឆ្លងកាត់បរិយាកាសរបស់ផែនដីដើម្បីទៅដល់ឋានព្រះចន្ទ។ បរិយាកាសផែនដី ច្រោះយករលកពន្លឺខ្លីពណ៌ខៀវ នៅសល់តែរលកពន្លឺវែងពណ៌ក្រហមដែលអាចធ្វើដំណើរទៅមុខ។ នៅពេលរលកពន្លឺពណ៌ក្រហមនេះឆ្លងកាត់ផុតបរិយាកាសផែនដី និងទៅដល់ព្រះចន្ទ វានឹងបណ្ដាលឱ្យព្រះចន្ទត្រូវប្រែពណ៌ទៅតាមពណ៌នៃពន្លឺនោះ។
ប្រជាជនដែលរស់នៅក្នុងតំបន់ជាច្រើននៃទ្វីបអាម៉េរិក អឺរ៉ុប អូស្ដ្រាលី និងទ្វីបអាស៊ី អាចមើលឃើញព្រឹត្តិការណ៍នេះនៅថ្ងៃទី 18 និង 19 ខែវិច្ឆិកា ឆ្នាំ 2021 ប៉ុន្តែ ពេលវេលាជាក់ស្ដែងនឹងអាស្រ័យទៅតាមតំបន់នីមួយ៕