មហាសេដ្ឋី Green មានបំណងបរិច្ចាគប្រាក់ចំនួន 90% ក្នុងចំណោមទ្រព្យតម្លៃ 6 ពាន់លានដុល្លាររបស់ខ្លួន ដោយយល់ឃើញថា ប្រាក់មិនអាចទិញសុភមង្គល ប៉ុន្តែអាចជួយដល់មនុស្សគ្រប់រូប។
«ខ្ញុំនឹងបរិច្ចាគមួយចំណែកធំនៃទ្រព្យរបស់ខ្ញុំ តាមរយៈសកម្មភាពមនុស្សធម៌ នៅមុន ឬបន្ទាប់ពីខ្ញុំបានស្លាប់។ គោលដៅរបស់ខ្ញុំគឺការបរិច្ចាគទ្រព្យជាង 90%។ ប៉ុន្តែ ខ្ញុំក៏នឹងត្រូវការចំណាយពេលវេលា ដែលជារបស់មានតម្លៃបំផុតសម្រាប់ខ្ញុំ ដើម្បីបែងចែកខ្ទង់ប្រាក់សម្រាប់កិច្ចការមនុស្សធម៌ទាំងនោះឱ្យបានសមស្រប» មហាសេដ្ឋីបច្ចេកវិទ្យា Jeff T. Green បានឱ្យដឹងដូច្នេះកាលពីថ្ងៃទី 16 វិច្ឆិកា។
លោក Green អាយុ 44 ឆ្នាំ បានបញ្ជាក់ថា លោកបានចុះកិច្ចព្រមព្រៀងជាមួយគំនិតផ្ដួចផ្ដើម «The Giving Pledge» ដែលត្រូវបានបង្កើតឡើងដោយមហាសេដ្ឋី Warren Buffett រួមនឹងលោក Bill Gates និងអតីតភរិយា Melinda។ កិច្ចព្រមព្រៀងនេះ បានចែកថា Green សន្យាថា នឹងបរិច្ចាគទ្រព្យសម្បត្តិស្ទើរតែទាំងអស់របស់ខ្លួន។ មហាសេដ្ឋីរាប់រាយនាក់បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយ «The Giving Pledge»។
ប្រាក់មិនអាចទិញបានសុភមង្គល។ ប្រាក់អាចទិញរបស់ដែលជួយឱ្យជីវភាពបានស្រណុកកាយជាងមុន ប៉ុន្តែរបស់ទាំងនោះ រួមនឹងអារម្មណ៍ស្រណុកកាយទាំងនោះ មិនស្ថិតនៅយូរឡើយ» មហាសេដ្ឋី ជនជាតិអាម៉េរិក រូបនេះ ចែករំលែកអំពីការយល់ឃើញទាក់ទងនឹងបញ្ហាប្រាក់កាស។
យ៉ាងនេះក្ដី លោក Green យល់ថា ប្រាក់នាំមកនូវថាមពលយ៉ាងខ្លាំងក្លាសម្រាប់ការផ្លាស់ប្ដូរ បើសិនត្រូវបានប្រើប្រាស់ចំពេល និងត្រូវបានតម្រង់ទិសដៅដោយក្រុមមនុស្សសមស្រប។
មហាសេដ្ឋី Green គឺជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យា The Trade Desk។ យោងតាម Forbes លោក Green បច្ចុប្បន្នមានទ្រព្យប្រមាណ 6 ពាន់លានដុល្លារ។ មហាសេដ្ឋីរូបនេះ ត្រូវបានចាត់ចូលក្នុងចំណាត់ថ្នាក់ទី 253 ក្នុងចំណោមអ្នកមានជាងគេក្នុងពិភពលោក៕