អ្នកស្ម័គ្រចិត្ត និងក្រុមវេជ្ជបណ្ឌិតនៅ សហរដ្ឋអាម៉េរិក ស្លៀកពាក់ឈុត Superman ដើម្បីជួយឱ្យក្មេងៗដែលមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 លែងមានការភ័យខ្លាច។
ស្ថានីយវិទ្យុ RT (រុស្ស៊ី) បានរាយការណ៍ថា ក្មេងអាយុចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ប្រមាណ 2,000 នាក់ បានមកកាន់ទីតាំងចាក់វ៉ាក់សាំងមួយនៅក្នុងតំបន់ Lansdale នៃរដ្ឋ Pennsylvania សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី 14 វិច្ឆិកា។
ខាងក្រោមនេះគឺជាវីដេអូ ស្ដីពីក្រុមអ្នកស្ម័គ្រចិត្តស្លៀកពាក់ឈុត Superman ចេញមុខលើកទឹកចិត្តកុមារដែលមកទទួលការចាក់វ៉ាក់សាំង COVID-19។
អាណាព្យាបាលមួយរូបថ្លែងថា៖ «ខ្ញុំដឹងថា ការចាក់វ៉ាក់សាំងបង្ការ COVID-19 នឹងជួយឱ្យយើងបោះជំហានទៅមុខ និងឆ្លងផុតជំងឺរាតត្បាត។ ក្រុមអ្នកស្ម័គ្រចិត្តនៅទីនេះពិតជាល្អខ្លាំងណាស់សម្រាប់ក្មេងៗ ពួកគេកំពុងធ្វើកិច្ចការដ៏អស្ចារ្យ»។
សហរដ្ឋអាម៉េរិក បានអនុម័តឱ្យចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់កុមារ ចាប់ពីថ្ងៃទី 2 វិច្ឆិកា 2021។ គិតមកដល់បច្ចុប្បន្ន កុមារប្រមាណ 900,000 នាក់ បានទទួលការចាក់វ៉ាក់សាំងដូសទីមួយរួចរាល់ហើយ៕