សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA កាលពីថ្ងៃពុធ បានបញ្ជាឲ្យរៀបចំការប្រកួតជម្រុះ World Cup រវាងក្រុមបាល់ទាត់ជម្រើសជាតិអាហ្វ្រិកខាងត្បូង និងក្រុមសេណេហ្គាល់ ជាថ្មីម្តងទៀត ក្រោយពីលោកអាជ្ញាកណ្តាលបានរងពិន័យព្យួរការងារអស់មួយជីវិតពីបទកំណត់លទ្ធផលនៃការប្រកួតទុកជាមុន។
ការប្រកួតរវាងក្រុមទាំងពីរកាលពីខែវិច្ឆិកា ឆ្នាំ2016 បានបញ្ចប់ដោយក្រុមអាហ្វ្រិកខាងត្បូង យកឈ្នះក្នុងលទ្ធផល 2-1 ក្រោយពីលោកអាជ្ញាកណ្តាលសញ្ជាតិហ្គាណា Joseph Lamptey បានផ្តល់ការពិន័យបាល់ប៉េណាល់ទីដ៏ចម្រូងចម្រាសមួយ។ លោក Lamptey ដំបូងឡើយបានរងនូវការព្យួរការងាររយៈពេល៣ខែ ដោយសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាហ្វ្រិកហៅកាត់ថា CAF សម្រាប់ការផ្តល់បាល់ប៉េណាល់ទី1គ្រាប់ ដែលមិនមែនជាកំហុសធ្វើឲ្យបាល់ប៉ះដៃ ខណៈដែល FIFA បានផ្តល់ការពិន័យព្យួរការងារអស់មួយជីវិតកាលពីខែមីនា។
ព័ត៌មាននៃការធ្វើការប្រកួតឡើងវិញនេះ នឹងផ្តល់នូវការជឿជាក់មួយដល់ក្រុមជម្រើសជាតិសេណេហ្គាល់ ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ3 ពោលគឺដេញតាមពីក្រោយក្រុមជម្រើសជាតិកាប់វែរ និងបួគីណាហ្វាសូ ចំនួន1ពិន្ទុ ក្នុងការប្រកួតជម្រុះតំបន់អាហ្វ្រិកក្នុងពូល D ខណៈដែលនៅសល់ការប្រកួតត្រឹមតែ2លើកទៀតប៉ុណ្ណោះ។ មានតែក្រុមឈរលេខ1ក្នុងពូលមួយប៉ុណ្ណោះដែលអាចឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ2018 នៅរុស្ស៊ី។
FIFA បានធ្វើការពន្យល់ថា ការសម្រេចចិត្តក្នុងការបញ្ជាឲ្យមានការរៀបចំការប្រកួតឡើងវិញនេះ កើតឡើងក្រោយពីតុលាការអាជ្ញាកណ្តាលកីឡាបានប្រកាសគាំទ្រការដាក់ពិន័យព្យួរការងារអស់មួយជីវិតដល់លោកអាជ្ញាកណ្តាល Joseph Lamptey ពីបទកំណត់លទ្ធផលនៃការប្រកួត ក្រោយពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យរបស់ FIFA។
FIFA បានបញ្ជាក់ថា ការប្រកួតនោះនឹងត្រូវលេងនៅខែវិច្ឆិកា ឆ្នាំ2017 អំឡុងពេលការបើកយុទ្ធនាការប្រកួតអន្តរជាតិ ខណៈដែលកាលបរិច្ឆេទជាក់លាក់នឹងត្រូវប្រកាសជាក្រោយ៕
ប្រភពពី៖ Sky Sports