បរិមាណទ្រព្យសម្បត្តិទូទាំងពិភពលោក បានកើនឡើងបីដងក្នុងពីរទសវត្សរ៍កន្លង ដោយសារការដែលប្រទេសចិន បានយកឈ្នះ សហរដ្ឋអាម៉េរិក ក្នុងការដណ្ដើមតំណែងកំពូលលើសគេលើលោកទាក់ទងនឹងទំហំទ្រព្យសម្បត្តិ។
របាយការណ៍ដែលទើបត្រូវបានក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ McKinsey & Co ចុះផ្សាយ បានបង្ហាញថា ប្រទេសចិន បាននាំមុខ សហរដ្ឋអាម៉េរិក និងក្លាយជាប្រទេសដែលកាន់កាប់ទ្រព្យសម្បត្តិសរុបច្រើនជាងគេបង្អស់ក្នុងពិភពលោក។
យោងតាមសារព័ត៌មាន Bloomberg ទ្រព្យសម្បត្តិសរុបរបស់ ប្រទេសចិន បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល 20 ឆ្នាំកន្លង នាំឱ្យទ្រព្យសរុបកើនឡើងច្រើនជាងមុន 17 ដង ពោលគឺពី 7 លានលាន (7 ទ្រីលាន/7,000,000,000,000) ដុល្លារកាលពីឆ្នាំ 2000 ឡើងដល់ 120 លានលាន (120 ទ្រីលាន) ដុល្លារ នៅឆ្នាំ 2020។
ប្រទេសចិន បច្ចុប្បន្នកាន់កាប់ជិត 1/3 នៃតម្លៃទ្រព្យសរុបរបស់ពិភពលោកដែលបានកើនឡើងក្នុងរយៈពេល 20 ឆ្នាំកន្លងមកនេះ។ ឆ្នាំ 2000 ចិន បានចូលអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជួយឱ្យសេដ្ឋកិច្ចប្រទេសនេះ មានកំណើនគួរឱ្យចាប់អារម្មណ៍។
ក្នុងដំណាក់កាលដូចគ្នានេះ ទ្រព្យសប្បត្តិសរុបរបស់ សហរដ្ឋអាម៉េរិក ក៏បានកើនឡើងទ្វេដង។ ប៉ុន្តែ បើយោងតាមក្រុមហ៊ុន McKinsey ទីក្រុងវ៉ាស៊ីងតោន បានត្រូវ «ប្រគល់» តំណែងលេខមួយទៅឱ្យទីក្រុងប៉េកាំង នៅក្នុងបញ្ជីចំណាត់ថ្នាក់ប្រទេសអ្នកមានជាងគេទាំង 10 ក្នុងពិភពលោក ដោយសារតែទ្រព្យសម្បត្តិសរុបរបស់ អាម៉េរិក កើនដល់ត្រឹមតែ 90 លានលាន (90 ទ្រីលាន) ដុល្លារ នៅក្នុងឆ្នាំ 2020។
ជាសរុប ទ្រព្យសម្បត្តិទូទាំងពិភពលោក បានកើនដល់ 514 លានលាន (511 ទ្រីលាន) ដុល្លារ នៅក្នុងឆ្នាំ 2020 ដោយកើនពី 156 លានលានដុល្លារ កាលពីឆ្នាំ 2000៕