ប្រទេសចិន កាលពីថ្ងៃទី 13 វិច្ឆិកា សម្រេចបានដំណាក់កាលតភ្ជាប់ផ្នែកចុងក្រោយនៃស្ពានផ្លូវដែកល្បឿនលឿនឆ្លងសមុទ្រនៅខេត្ត Fujian ដោយមានជំនួយពីម៉ាស៊ីនដំឡើងធ្នឹមខ្នាតយក្ស។
ផ្នែកចុងក្រោយនៃស្ពានដ៏ធំមួយនៅលើផ្លូវដែកល្បឿនលឿនឆ្លងសមុទ្រនៅភាគខាងកើតប្រទេសចិន ត្រូវបានតភ្ជាប់រួចហើយកាលពីព្រឹកថ្ងៃទី 13 វិច្ឆិកា បន្ទាប់ពីបានចំណាយពេលសាងសង់អស់ 3 ឆ្នាំ។
ស្ពានឆ្លងឈូងសមុទ្រ Meizhou នៅទីក្រុង Putian នៃខេត្ត Fujian ប្រទេសចិន នេះ មានប្រវែងសរុប 14.7 គីឡូម៉ែត្រ ក្នុងនោះមាន 10.8 គីឡូម៉ែត្រស្ថិតនៅលើសមុទ្រ។
ម៉ាស៊ីនដំឡើងធ្នឹមមានឈ្មោះថា Kunlun ដែលត្រូវបានអភិវឌ្ឍឡើងដោយវិស្វករចិន បានចូលរួមកិច្ចការសាងសង់ស្ពានមួយខ្សែនេះ។ ដោយមានទម្ងន់រហូតដល់ 1,000 តោន នេះគឺជាម៉ាស៊ីនដំឡើងធ្នឹមធំបំផុតក្នុងពិភពលោក។
Kunlun មានសមត្ថភាពដឹកជញ្ជូន និងដំឡើងធ្នឹមប្រវែង 40.6 ម៉ែត្រ និងទម្ងន់ជាង 1,000 តោន បានយ៉ាងសុក្រឹត។ វាក៏អាចផ្លាស់ទីដោយស្វ័យប្រវត្តនៅក្នុងផ្លូវរូង និងអាចសម្រួលផ្លូវរបស់វាដោយឯកឯងតាមរយៈកាំរស្មីអ៊ីនហ្វ្រារ៉េដ។
ស្ពានឆ្លងឈូងសមុទ្រ Meizhou គឺជាផ្នែកមួយនៃផ្លូវដែកល្បឿនលឿន Fuzhou-Xiamen ជាផ្លូវដែកល្បឿនលឿនឆ្លងកាត់សមុទ្រដំបូងរបស់ប្រទេសចិន ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់ចាប់ពីឆ្នាំ 2023។
ជាមួយនឹងការរចនាដែលអាចឱ្យបើកបរក្នុងល្បឿន 350 គីឡូម៉ែត្រ/ម៉ោង ផ្លូវដែកនេះត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើរពីទីក្រុងរដ្ឋបាល Fuzhou ទៅកាន់តំបន់ទេសចរណ៍នានានៅ Xiamen នៃខេត្ត Fujian ចុះមកនៅត្រឹមមួយម៉ោង៕