ភ្នំពេញ- ក្រោយពីមានការសិក្សាអស់រយៈពេលជាច្រើនឆ្នាំមក នៅឆ្នាំ2019ខាងមុខនេះកម្ពុជានឹងមានសមត្ថភាពផលិតប្រេងនៅក្នុងប្លុកA សម្រាប់ការនាំចេញទីកាន់ទីផ្សារអន្ដរជាតិបានហើយ។
ក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «ដំណើរឆ្ពោះទៅធ្វើជាប្រទេសផលិតប្រេង» ឯកឧត្ដម ម៉េង ស័ក្ដិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងថា៖ «នាពេលអនាគតខាងមុខ និងជាដំណើររយៈពេលវែងមួយ ការអភិវឌ្ឍនេះនឹងធ្វើឱ្យកម្ពុជាមានការផ្លាស់ប្ដូរមួយដ៏ធំ និងតាមរយៈការផ្លាស់ប្ដូរនេះយើងនឹងមានការប្រែប្រួលពីបរិមាណនៃការនាំចូលប្រេង ដោយយើងនឹងលែងក្លាយជាប្រទេសពឹងលើការនាំចូលប្រេង100%ហើយ។ ពិសេសប្រទេសយើងនឹងក្លាយជាប្រទេសមានអធិបតេយ្យភាពល្អជាងមុនក្នុងបញ្ហាសន្ដិសុខថាមពលពេលដែលយើងគ្រប់គ្រងលើបញ្ហានេះបាន»។
ជុំវិញការបូមយកប្រេងនៅក្នុងប្លុកA គឺជាដំណើរការរយៈពេលខ្លី និងមធ្យម ដែលត្រូវបានគេមើលឃើញថា ចង្វាក់ផលិតកម្មនេះមិនត្រឹមតែបង្កើននូវចំណូលថវិកាជាតិដើម្បីយកមកបម្រើជាប្រយោជន៍ក្នុងកិច្ចការសង្គមប៉ុណ្ណោះទេ ប៉ុន្ដែវានឹងផ្ដល់ប្រយោជន៍ដោយប្រយោលដែលធ្វើឱ្យកើតមានពិពិធកម្មនៃវិស័យសេដ្ឋកិច្ច និងការប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម និងការបង្កើនសមត្ថភាពនៃផ្នែកបច្ចេកទេសរបស់ប្រជាជនកម្ពុជា ដែលគេមើលឃើញថាជាលំហៀរដោយប្រយោលពីការអភិវឌ្ឍលើវិស័យប្រេងកាតនេះ។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ដំណើរការផលិតប្រេងនៅប្លុកA ជាការផលិតប្រេងឆៅ។ ដំណាក់កាលដំបូងកម្ពុជាបានកំណត់ទិសដៅយកទីផ្សារប្រេងឆៅគឺ ទីផ្សារអន្ដរជាតិ រីឯប្រេងដែលប្រជាជនកម្ពុជាប្រើប្រាស់សព្វថ្ងៃគឺជាប្រេងដែលត្រូវបានគេកែច្នៃរួចហើយ ឬប្រេងដល់ដំណាក់កាលចុងក្រោយ។ ដូច្នេះការធ្វើផលិតកម្មប្រេងប្លុកA មិនមានផលទាក់ទងដល់តម្លៃប្រេងដែលប្រជាជនយើងប្រើសព្វថ្ងៃទេ។
ឯកឧត្ដម ម៉េង ស័ក្ដិធារ៉ា បានសង្កត់ធ្ងន់ថា៖ «ប៉ុន្ដែក្នុងរយៈពេលវែង ក្នុងករណីដែលយើងអភិវឌ្ឍខ្សែចង្វាក់ឧស្សាកម្មផលិតកម្ម ឬឈានទៅដល់ការអភិវឌ្ឍរោងចក្រចម្រាញ់ប្រេងបាន ពេលនោះហើយកម្ពុជានឹងអាចមានផលិតផលសម្រេចផលិតក្នុងស្រុកបាន។ ដែលយើងមើលឃើញថា វានឹងមានផលប៉ះពាល់ ឬទំនាក់ទំនងគ្នាជាមួយថ្លៃប្រេងដែលប្រជាពលរដ្ឋយើងប្រើប្រាស់សព្វថ្ងៃនេះ»។
ទោះបីជាដំណើរការផលិតកម្មនេះត្រូវរង់ចាំរហូតដល់ជិតពីរឆ្នាំក៏ដោយ ក៏ប៉ុន្ដែប្រជាជនកម្ពុជាសូមចូលរួមសាទរជាមួយនឹងគម្រោងអភិវឌ្ឍន៍ចង្វាក់ផលិតកម្មនៃការផលិតប្រេងនេះផងដែរ៕