ពិតណាស់ ខ្សែប្រយុទ្ធ Cristiano Ronaldo មានប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយតារាឆ្នើមរបស់ក្លិប Real Madrid រូបនេះ បានសម្រេចចិត្តជះប្រាក់របស់ខ្លួនទៅលើរថយន្តថ្មីដ៏ប្រណីត និងទំនើបមួយគ្រឿងនៅសប្តាហ៍នេះ។
ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់រូបនេះ បានទិញរថយន្តម៉ាក Ferrari F12 TDf កាលពីថ្ងៃពុធ ខណៈដែលរថយន្តថ្មីនេះមានតម្លៃប្រមាណជា45.6ម៉ឺនដុល្លារអាមេរិក ហើយតម្លៃនោះមិនទាន់បូកនឹងតម្លៃគ្រឿងតុបតែងផ្សេងៗទៀតផង។
រថយន្តដ៏ប្រណីតមួយគ្រឿងនេះត្រូវបានបង្ហាញដោយ Ronaldo នៅលើបណ្តាញសង្គម Instagram របស់គេ ខណៈដែលកីឡាករវ័យ32ឆ្នាំរូបនេះបានឈរផ្អែកនឹងរថយន្តថ្មីរបស់គេពេលដែលទ្វាររថយន្តកំពុងតែបើកចំហ។ Ronaldo នឹងអាចប្រើប្រាស់ល្បឿនដល់ទៅ60ម៉ាយ ក្នុងមួយម៉ោង (ស្មើនឹង96.6គីឡូម៉ែត្រ) ក្នុងពេលចាប់ផ្តើមចេញដំណើរបានត្រឹមតែ2.9វិនាទីខណៈដែលរថយន្តអាចរត់បានល្បឿនដល់ទៅ211ម៉ាយ ក្នុងមួយម៉ោង។
អតីតខ្សែប្រយុទ្ធរបស់ក្លិប Manchester United រូបនេះ គឺជាអ្នកចូលចិត្តរថយន្តទំនើបៗ ក្រោយពីរូបគេធ្លាប់បានថតបង្ហាញពីរថយន្ត Bugatti Veyron មួយគ្រៀង និងរថយន្ត Mercedes ជាច្រើនគ្រឿងរួចមកហើយ។ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ2 ក្នុងពូលនៃការប្រកួតជម្រុះ World Cup របស់ពួកគេ បន្ទាប់ពីក្រុមជម្រើសជាតិស្វ៊ីស ខណៈដែលមានតែក្រុមមួយប៉ុណ្ណោះដែលត្រូវឈានទៅប្រទេសរុស្ស៊ី ដោយស្វ័យប្រវត្តិ៕
ប្រភពពី៖ Daily Mail