ក្រុមហ៊ុន Hyundai កាលពីថ្ងៃទី 9 វិច្ឆិកា បានប្រកាសអំពីគម្រោងអភិវឌ្ឍតាក់ស៊ីហោះអគ្គិសនីបើកបរស្វ័យប្រវត្ត 5 កៅអី របស់ខ្លួន ដែលអាចចាប់ផ្ដើមការហោះហើរពីឆ្នាំ 2028។
ក្រុមហ៊ុនផលិតរថយន្តនៅទីក្រុង Seoul បានប្ដូរឈ្មោះផ្នែកដឹកជញ្ជូនផ្លូវអាកាសទៅជាក្រុមហ៊ុនថ្មីដែលមានឈ្មោះថា Supernal។ ក្រុមហ៊ុន Hyundai បានបង្ហាញតាក់ស៊ីហោះដំបូងរបស់ខ្លួនដែលមានឈ្មោះថា S-A1 នៅឯព្រឹត្តិការណ៍ពិព័រណ៍ CES នៅ Las Vegas កាលពីឆ្នាំមុន។ កាលណោះ ពួកគេក៏បានបង្ហើបឱ្យដឹងអំពីគម្រោងសហការជាមួយ Uber ផងដែរ។
ម៉ូដែលតាក់ស៊ីហោះរបស់ Hyundai នឹងបំពាក់ប្រព័ន្ធអាគុយអ៊ីដ្រូសែន។ ពួកគេក៏កំពុងអភិវឌ្ឍប្រព័ន្ធអាគុយ lithium ដែលអាចផ្ទុកថាមពលបានខ្ពស់ផងដែរ។ S-A1 នឹងដំណើរការដោយស្វ័យប្រវត្តទាំងស្រុងនាពេលអនាគត។
តាក់ស៊ីហោះនេះមានស្លាបកង្ហារចំនួន 12 និងអាចដឹកមនុស្សបាន 5 នាក់ ហោះហើរក្នុងល្បឿន 290 គីឡូម៉ែត្រ/ម៉ោង អាចហោះបាន 96.5 គីឡូម៉ែត្រ/លើក និងកម្ពស់ 600 ម៉ែត្រ។
យោងតាម Hyundai និង Supernal អតិថិជននឹងប្រើប្រាស់កម្មវិធីដូចទៅនឹង Uber, Lyft និង Bolt ដើម្បីបង្កើតគម្រោងដំណើរពីផ្ទះរបស់អ្នកដំណើរ ទៅកាន់គោលដៅរបស់ពួកគេ។
Hyundai និង Supernal បានសហការជាមួយក្រុមហ៊ុន Urban-Air Port ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់តាក់ស៊ីហោះចុះចត និងហោះឡើងត្រង់ នៅជុំវិញពិភពលោក៕