កម្ពុជា កំពុងរៀបចំយុទ្ធសាស្ត្រទាក់ទាញទេសចរចាក់វ៉ាក់សាំងពីអន្តរជាតិ ក្នុងនោះទីផ្សារជប៉ុន ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំង។
យោងតាមខ្លឹមសារនៃជំនួបទ្វេភាគីរវាង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំ កម្ពុជា ស្ដីពីកិច្ចសហការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសភ្ញៀវទេសចរណ៍ដែលបានចាក់វ៉ាក់សាំងរួចរាល់។ ជំនួបនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី 10 វិច្ឆិកា 2021 នៅស្ថានទូតជប៉ុន នារាជធានីភ្នំពេញ។
ក្នុងជំនួបនោះ ឯកឧត្តម ថោង ខុន បានជម្រាបលោក មីកាមិ ថា កម្ពុជា នឹងមានការរៀបចំជាពិសេសសម្រាប់ការធ្វើដំណើររបស់ទេសចរជប៉ុន មកកាន់តំបន់គោលដៅទាំង 3 របស់ កម្ពុជា ដែលទើបតែត្រូវបានបើកដំណើរការទទួលទេសចរវ៉ាក់សាំងពីបរទេស។
ថ្មីៗនេះ កម្ពុជា បានប្រកាសបើកទ្វារសេដ្ឋកិច្ច និងសង្គមឡើងវិញលើគ្រប់វិស័យ ក្នុងនោះតំបន់ទេសចរណ៍សំខាន់ៗចំនួន 3 រួមមាន ខេត្តព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរ នៃខេត្តកោះកុង ចាប់ពីថ្ងៃទី 31 ខែវិច្ឆិកា ខណៈតំបន់សៀមរាបអង្គរ ក៏នឹងទទួលភ្ញៀវទេសចរណ៍ចាប់ពីអំឡុងខែមករា ឆ្នាំ 2022៕