មហាសេដ្ឋីអាម៉េរិក លោក Bill Gates ក្នុងសម័យនេះ មិនមែនជាបុគ្គលដែលជួយឱ្យ Microsoft រីកចម្រើនបំផុត ហើយក៏មិនមែនជាម្ចាស់ភាគហ៊ុនធំបំផុតនោះដែរ។
លោក Bill Gates គួរណាស់តែមានទ្រព្យច្រើនជាងលោក Elon Musk និងលោក Jeff Bezos បូកចូលគ្នា
សារព័ត៌មាន Bloomberg បានអះអាងថា មហាសេដ្ឋី Bill Gates ប្រហែលជាមានការសោកស្ដាយនៅពេលបានឃើញតម្លៃមូលបត្ររបស់ Microsoft នាបច្ចុប្បន្ន។ គួរណាស់តែលោកបានក្លាយជាអ្នកមានជាងគេក្នុងពិភពលោកនាពេលនេះ ពោលគឺមានទ្រព្យច្រើនជាងមហាសេដ្ឋី Elon Musk និងមហាសេដ្ឋី Jeff Bezos បូកចូលគ្នា បើសិនជាលោក Bill Gates នៅតែបន្តរក្សាភាគហ៊ុនរបស់ខ្លួននៅ Microsoft រហូតដល់បច្ចុប្បន្ន។
យោងតាមស្ថិតិរបស់ Bloomberg មហាសេដ្ឋី Bill Gates បច្ចុប្បន្នគឺជាអ្នកមានជាងគេលំដាប់ទី 4 ក្នុងពិភពលោក ដោយមានទ្រព្យប្រមាណ 138.5 ពាន់លានដុល្លារ។ កាលពីខែកញ្ញា ឆ្នាំ 1998 លោក Gates កាន់កាប់ភាគហ៊ុនជាង 2 ពាន់លានហ៊ុនរបស់ Microsoft ហើយនោះគឺជាអំឡុងពេលដែលក្រុមហ៊ុននេះក្លាយជាស្ថាប័នដែលមានតម្លៃបំផុតក្នុងពិភពលោក។
បច្ចុប្បន្ន Microsoft នៅតែជាក្រុមហ៊ុនដែលមានតម្លៃខ្ពស់ជាងគេក្នុងលោក ដោយមានមូលធនទីផ្សារ 2.5 លានលាន (2.5 ទ្រីលាន) ដុល្លារ។ ប្រការនេះមានន័យថា ភាគហ៊ុនរាប់ពាន់លានហ៊ុនដែលលោក Bill Gates ធ្លាប់បានកាន់កាប់ បើសិនរក្សាទុកដល់ថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2021 នឹងមានតម្លៃសរុបប្រហែល 693 ពាន់លានដុល្លារ ច្រើនជាងទ្វេដងធៀបនឹងទ្រព្យ 340.4 ពាន់លានដុល្លាររបស់លោក Elon Musk និងច្រើនជាង 3 ដង ធៀបនឹងទ្រព្យ 200.3 ពាន់លានដុល្លាររបស់លោក Jeff Bezos។
ក៏ប៉ុន្តែ គួរឱ្យស្ដាយខ្លាំងណាស់ ប្រការទាំងនោះមិនបានកើតឡើងនោះទេ។ លោក Bill Gates បានលក់ភាគហ៊ុនស្ទើរតែទាំងអស់របស់ខ្លួន នៅពេលលោកចាកចេញពីក្រុមប្រឹក្សាភិបាលរបស់ Microsoft កាលពីឆ្នាំទៅ។ កាលណោះ (ប្រហែលខែមីនា ឆ្នាំ 2020) លោក Gates បានប្រកាសថា នឹងចាកចេញពីក្រុមហ៊ុនលំដាប់យក្ស Microsoft ដើម្បីផ្ដោតទៅលើកិច្ចការមនុស្សធម៌។ បច្ចុប្បន្ន មហាសេដ្ឋីរូបនេះ នៅសល់ភាគហ៊ុនត្រឹមតែ 1.3% ប៉ុណ្ណោះ នៅក្នុងក្រុមហ៊ុន Microsoft។
ការចាកចេញពីក្រុមប្រឹក្សាភិបាលរបស់ Microsoft កាលពីឆ្នាំ 2020 របស់លោក Gates កើតឡើងដោយសារកត្តាមួយចំនួន ពិសេសគឺបញ្ហាទំនាក់ទំនងស្នេហាជាមួយស្រីផ្សេង។ល។ ក្រោយមក បញ្ហាអវិជ្ជមានជាច្រើនរបស់លោកក៏ត្រូវបានគេបើកកកាយយកមកនិយាយជាហូរហែ៕