ក្រោយមានសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញពីស្ដីការហាមឃាត់ការថតរូបភាពពីលើអាកាសតាមរយៈការប្រើប្រាស់ឧបករណ៍ Drone នៅលើដែនដីរាជធានីភ្នំពេញកាលពីទី16 ខែកុម្ភៈ ឆ្នាំ 2015 កន្លងមក មានប្រជាពលរដ្ឋមួយចំនួនបង្ហើបពីការងឿងឆ្ងល់ និងសំដែងការមិនពេញចិត្តចំពោះរឿងនេះ តែមានមូលហេតុមួយចំនួន នៅពីក្រោយការហាមឃាត់នេះ។
មន្ដ្រីម្នាក់ដែលបម្រើការងារនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកយកព័ត៌មានឡារ៉ែន តាមទូរស័ព្ទថា ការហាមឃាត់នេះមិនមែនធ្វើឡើងតែនៅប្រទេសកម្ពុជានោះទេ។ មានប្រទេសជាច្រើនទៀតក្នុងពិភពលោកក៏មានបម្រាមនេះដែរ ប៉ុន្ដែវាអាស្រ័យលើការកំណត់ផ្សេងៗគ្នា។
លោកថ្លែងថា៖«ជាការពិត បើការបង្ហោះនោះគ្មានកិច្ចការអ្វីផ្សេងនោះ វាមិនអីទេ ប៉ុន្ដែយើងបង្ការរឿងហេតុដែលអាចកើតឡើងផ្សេងៗដូចជាករណីភេរវកម្មជាដើម»។
ក្នុងសេចក្ដីជូនដំណឹងសាលារាជធានីភ្នំពេញបានចុះផ្សាយថា ការហាមឃាត់ការថតរូបពីលើអាកាសតាមរយៈឧបករណ៍ Drone ដោយខាងរដ្ឋបាលរាជធានីយល់ឃើញថា វាអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិក្នុងការរស់នៅជាឯកជន សន្ដិសុខ សុវត្ថិភាពសាធារណៈ និងភាពអសកម្មមួយចំនួន។ ក្រោយពីមានករណីជនបរទេសម្នាក់បញ្ជាម៉ាស៊ីនឱ្យហោះចូលទៅថតរូបក្នុងព្រះបរមរាជវាំង ខណៈសម្ដេចយាយយាងហាត់ប្រាណបង្កឱ្យមានការភ្ញាក់ផ្អើលពីមន្ត្រី និងបុគ្គលិកក្នុងព្រះបរមរាជវាំង។
លោកបន្ដថា កន្លងមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ័យជំនះបានសហកាជាមួយកម្លាំងប្រជាការពារសាលាខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនបរទេសម្នាក់នៅចំណុចមុខសណ្ឋាគាររណសិរ្ស ផ្លូវសុធារស ភូមិទី1 សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បុគ្គលម្នាក់នេះជាជនជាតិរុស្ស៊ី ត្រូវបានឃាត់ខ្លួនពីបទបង្ហោះយន្តហោះបំពាក់កាមេរ៉ាDroneនៅតំបន់ហាមឃាត់(ក្បែរព្រះបរមរាជវាំង) ។ ក្រោយពីបានឃាត់ខ្លួនហើយ បុគ្គលនេះត្រូវបាននាំខ្លួនមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីសាកសួរ និងណែនាំអប់រំ ។
មន្ដ្រីខាងលើបញ្ជាក់ទៀតថា ដូចករណីប្រើប្រាស់យន្តហោះDrone ហោះចូលទៅក្នុងព្រះបរមរាជវាំង ខណៈសម្តេចម៉ែកំពុងយាងហាត់ប្រាណនេះ វាមិនមែនជារឿងល្អទេ។ ចុះបើមានរឿងអ្វីផ្សេងកើតឡើង តើវានឹងទៅជាយ៉ាងណា? អ៊ីចឹងហើយបានជាខាងសាលារាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹងនេះតែម្តង។ យ៉ាងណាមិញ ចំពោះពលរដ្ឋ ឬជនបរទេសដែលមានការចាំបាច់ចង់ថតរូបភាពពីលើអាកាសនោះ អាចធ្វើការថតបាន ប៉ុន្តែត្រូវសូមច្បាប់អនុញ្ញាតពីរដ្ឋអំណាចនៅតំបន់នោះជាមុនសិន បើមិនដូច្នេះទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បា៕