(អ៊ីតាលី)-ស្ពានថ្នើរជើងប្រវែង 16 ម៉ែត្រ ក្នុងឧទ្យានមួយនៅទីក្រុង Venice ត្រូវបានសាងសង់ពីផ្ទាំងបេតុងចំនួន 53 ដុំ ដែលទាំងអស់សុទ្ធតែត្រូវបានបោះពុម្ភដោយម៉ាស៊ីន 3D និងប្រើពេលតែ 84 ម៉ោងប៉ុណ្ណោះ។
ស្ពានបេតុងដែលត្រូវបានបោះពុម្ភដោយម៉ាស៊ីន 3D នេះ ឈរជាប់យ៉ាងមាំដោយមិនចាំបាច់ប្រើប្រាស់ទម្រ ឬគ្រោងដែក។
ក្រុមហ៊ុន Zaha Hadid Architects និងវិទ្យាស្ថានបច្ចេកវិទ្យាជាតិស្វីស (ETH Zurich) គឺជាអ្នករចនា Striatus ដែលជាស្ពានថ្នើរជើង 3D ត្រូវបានដំឡើងដោយមិនបាច់មានទម្រង ឬគ្រោងឆ្អឹង។
ស្ពានដែលស្ថិតនៅក្នុងឧទ្យានមួយនៃទីក្រុង Venice ប្រទេស អ៊ីតាលី នេះ មានប្រវែង 16 ម៉ែត្រ ទទឹង 12 ម៉ែត្រ និងត្រូវបានដំឡើងពីដុំបេតុងចំនួន 53 ដុំ ហើយក្នុង 1 ដុំៗ មានបេតុងចំនួន 500 ស្រទាប់ និងប្រើពេលចាប់ពី 1 ម៉ោង ដល់ 2 ម៉ោងក្នុងការបោះពុម្ភ 1 ដុំ។
ពេលវេលាសរុបដែលត្រូវបានចំណាយសម្រាប់ការបោះពុម្ភដុំបេតុងទាំងនោះគឺ 84 ម៉ោង។ ដំណាក់កាលនៃការបង្ហើយការងារសាងសង់ដែលរួមមាន ដំណាក់កាលចាក់គ្រឹះ ដំឡើងតួ ដំឡើងកាំជណ្ដើរ និងផ្ទៃខាងមុខរបស់ស្ពាន បានស៊ីពេលអស់ 35 ថ្ងៃ។
សំណង់នេះជួយលើកកម្ពស់តម្លៃសិល្បៈក្នុងការសាងសង់ដោយថ្មបុរាណ។ ដុំបេតុងត្រូវបានតម្រៀបយ៉ាងសមស្របដើម្បីឱ្យទម្ងន់របស់សំណង់ត្រូវបានបែងចែកស្មើគ្នាដល់គ្រឹះទាំងឡាយរបស់វា និងមិនចាំបាច់មានគ្រោងឆ្អឹងខាងក្នុង៕