ឧកញ៉ា លី សាយឃាង បានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីកាចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលនេះបើតាមនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2021 បានចេញដីកាចាប់ខ្លួនឧកញ៉ា លី សាយឃាង ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ។
ជនត្រូវចោទឈ្មោះ លី សាយឃាង ភេទប្រុស អាយុ 58 ឆ្នាំ ជាជនជាតិខ្មែរ និងមានមុខរបរអ្នកជំនួញនេះ មានស្រុកកំណើតនៅឃុំថ្មស ស្រុកគិរីសាគរ ខេត្តកោះកុង និងមានទីលំនៅផ្ទះលេខ 53 ផ្លូវលេខ 184 សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមដីកាចាប់ខ្លួន លោកឧកញ៉ា លី សាយឃាង ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងករណី រំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ , សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ 2018 និងអំឡុងឆ្នាំ 2017៕