ការសម្រេចបើកឱ្យដំណើរការផ្លូវក្រោមដីមួយខ្សែទៀត ជាបណ្តោះអាសន្ននេះ នៅចំណុចការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដើម្បីជួយសម្រួលចរាចរណ៍ ខណៈក្រុមការងារកំពុងសាងសង់ផ្លូវតភ្ជាប់ដទៃ។
មន្ត្រីជំនាញរបស់សាលារាជធានីភ្នំពេញ នាថ្ងៃនេះ បានប្រាប់សារព័ត៌មានក្នុងស្រុកថា មូលហេតុដែលអាជ្ញាធររាជធានីភ្នំពេញសម្រេចបើកផ្លូវក្រោមដីបណ្ដោះអាសន្ននេះគឺដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ ក្នុងពេលអ៊ុតកៅស៊ូលើកំណាត់ផ្លូវដែលតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ីទៅផ្លូវជាតិ លេខ 4 និងផ្លូវតភ្ជាប់ពីមហាវិថីចោមចៅទៅមហាវិថីសហព័ន្ធរុស្ស៊ី។
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជន កម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល 30 ខែ និងចំណាយថវិកាសាងសង់ប្រមាណ 22 លានដុល្លារអាម៉េរិក។