ទីភ្នាក់ងារអវកាសអាម៉េរិក (NASA) កំពុងបង្ហើយការងារចុងក្រោយមួយចំនួនដើម្បីត្រៀមសម្រាប់បេសកកម្ម Artemis ដំបូងនៅឆ្នាំក្រោយ។
NASA កំពុងតែមានគោលដៅនាំមនុស្សឡើងទៅកាន់ឋានព្រះចន្ទជាថ្មី ក្រោយរយៈពេល 5 ទសវត្សរ៍ រាប់ចាប់ពីព្រឹត្តិការណ៍ឡើងជាន់ដីព្រះចន្ទតាមរយៈកម្មវិធី Apollo 17 កាលពីឆ្នាំ 1972។ គម្រោងថ្មី (Artemis) នេះ រួមមាន បេសកកម្ម Artemis 1, 2, 3 ដែលគ្រោងអនុវត្តជាបន្តបន្ទាប់នៅឆ្នាំ 2022, 2023 និង 2024។
កាលពីថ្ងៃទី 5 វិច្ឆិកា NASA បានឱ្យដឹងថា ពួកគេសម្រេចបានការងារសំខាន់ៗមួយចំនួន នៅពេលដំឡើងយានអវកាស Orion ទៅលើក្បាលរ៉ុក្កែត SLS Block 1 ដែលមានកម្ពស់ 98 ម៉ែត្រ ខាងក្នុងរោងចក្រដំឡើងនៅឯមជ្ឈមណ្ឌលអវកាស Kennedy របស់ NASA ដែលមានទីតាំងនៅរដ្ឋ Florida សហរដ្ឋអាម៉េរិក។
បេសកកម្មដំបូង (Artemis 1) គឺជាការហោះហើរគ្មានមនុស្សបើកបរ ដើម្បីពិនិត្យស្ថានភាពហោះហើរក្នុងទីអវកាសជ្រៅរបស់យាន Orion ហើយនឹងចុះចតលើផែនដីវិញ ដោយប្រើឆត្រយោង។
បើសិនជាអ្វីៗដំណើរការដោយរលូន នោះ Artemis 1 នឹងត្រូវបានបាញ់បង្ហោះនៅថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ 2022។ ចំណែកបេសកកម្ម Artemis 2 និង Artemis 3 វិញគឺ សុទ្ធតែមានអវកាសយានិកទៅជាមួយ។ តាមផែនការ Artemis 2 នៅតែប្រើប្រាស់រ៉ុក្កែត SLS Block 1 របស់ NASA ដើម្បីនាំយាន Orion ទៅហោះហើរជុំវិញឋានព្រះចន្ទ ខណៈ Artemis 3 នឹងប្រើប្រាស់ប្រព័ន្ធ Starship របស់ក្រុមហ៊ុន SpaceX ដើម្បីនាំយាន Orion ចុះចតលើដីឋានព្រះចន្ទ។
ក្រុមអវកាសយានិកនៃបេសកកម្មនេះ នឹងរួមមានទាំងស្ត្រីដំបូងគេ និងជនជាតិស្បែកខ្មៅដំបូងគេផងដែរ ដែលនឹងបានជាន់ដីនៅលើឋានព្រះចន្ទ៕