Skip to content

(វីដេអូ)-អគារ​ទីស្តីការ​ថ្មី ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ តម្លៃ​ជាង 28 លាន​ដុល្លារ ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នា​ព្រឹក​នេះ

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ 8 ខែវិច្ឆិកា ឆ្នាំ 2021 នេះ បាន​អញ្ជើញ​ជា​អធិបតី សម្ពោធ​អគារ​ទីស្តីការ​ថ្មី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ មានតម្លៃ​ជាង 28 លាន​ដុល្លារ​អាមេរិក។

អគារ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដែលជា​ស្នាដៃ​ផ្ទាល់​របស់​កូន​ខ្មែរ និង​មាន​ទីតាំង​ស្ថិតនៅ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន សុខ រាជធានី​ភ្នំពេញ នា​ភាគ​ពាយព្យ​នៃ រាជធានី​ភ្នំពេញ នេះ ត្រូវបាន​ប្រារព្ធ​ពិធីបើកការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី 28 ខែមករា ឆ្នាំ 2020។

អគារ​នេះ ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ 4.5 ហិកតា។ តួ​អគារ​ដែលមាន​បណ្ដោយ​ប្រវែង 132.7 ម៉ែត្រ និង​ទទឹង​ប្រវែង 94.7 ម៉ែត្រ នេះ មាន 8 ជាន់ កម្ពស់​សរុប​ពី​ទ្រនាប់​ខ្សាច់​ដល់​ចុង​កំពូល​បុស្បុក សរុប 88.5 ម៉ែត្រ។ អគារ​អាច​ចត​រថយន្ត​បាន​ប្រមាណ 450 គ្រឿង រួម​នឹង​ចំណត​ទោចក្រយានយន្ត​ផងដែរ។

ជាន់​ផ្ទាល់​ដី​របស់​អគារ មាន​សាល​បដិសណ្ឋារកិច្ច អាហា​រដ្ឋា​ន ឃ្លាំង បណ្ណាល័យ មជ្ឈមណ្ឌល​ប​ណ្ឌុះ​បណ្តាល ការិយាល័យ​ច្រកចេញចូល​តែមួយ និង​សួនផ្កា​រំដួល​ជាដើម។

ជាន់​ទី 1 មាន​សាលប្រជុំ​ខ្នាតតូច និង​មធ្យម​ចំណុះ 386 នាក់ ឃ្លាំង និង​បណ្តុំ​នៃ​នាយកដ្ឋាន​របស់​ក្រសួង។

ជាន់​ទី 2 មាន​សាលប្រជុំ​ខ្នាត​ធំ​ចំណុះ 2,021 កៅអី បណ្តុំ​នៃ​អគ្គនាយកដ្ឋាន គណៈ​ស្ថាបត្យករ ឃ្លាំង​ជាដើម។

នៅ​ជាន់ 3 មាន​បណ្តុំ​នៃ​អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន ឃ្លាំង​ជាដើម។

ជាន់​ទី 4 មាន​ការិយាល័យ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សាល​សវនាការ​អន្តរជាតិ សាល​ចុះ​ពិធីសារ បន្ទប់​ប្រជុំ បន្ទប់​ពិធីការ ការិយាល័យ​ខុទ្ទកាល័យ អគា​ធិ​ការដ្ឋាន​ជាដើម។

ជាន់​ទី 5 មាន​សាលប្រជុំ​អន្តរក្រសួង និង​ការិយាល័យ​សម្រាប់​ជួយ​ដល់​វិស័យ​ឯកជន (ស្លាប​ស្ដាំ និង​ឆ្វេង)។

ជាន់​ទី 6 និង​ជាន់​ទី 7 ជា​ការិយាល័យ​សម្រាប់​ជួយ​ដល់​វិស័យ​ឯកជន។

https://www.youtube.com/watch?v=5eXNG2p5m5g

អគារ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​រចនា​ឡើង​តាមបែប​ស្ថាបត្យកម្ម​រួម​សម័យ គឺ​សម័យអង្គរ សម័យ​កណ្តាល ក្លាស​សិកសា​កល បែប​រ៉ូ​ម៉ាំង និង​បែប​បុរាណ​ខ្មែរ បូក​នឹង​សម័យ​ទំនើប មាន​រចនាបថ​ស្ថាបត្យក​កម្ម​អគារ​មុខដាច់ ឬ​ហៅថា​អគារ​មុខធំ មាន​ដំបូល​កិង​ត្រួត​ស្លាប​ពីរ​ជាន់ លម្អ​ដោយ​ជហ្វា​ក្បាល​នាគ និង​គ្រឿង​លម្អ​ស្ថាបត្យកម្ម​បុរាណ​ប្រពៃណី​ខ្មែរ​និយម​បែប​លក្ខណៈ​អត្តសញ្ញាណ​ជាតិ។

ឯ​គ្រឿង​ប្រកប​ផ្នែក​ដំបូល ប្រតិស្ឋាន​នូវ​ព្រះ​មណ្ឌប​បុស្បុក​កម្ពស់ 33.28 ម៉ែត្រ តំណាងឱ្យ​ភ្នំ​ព្រះ​សុមេរុ ដែលមាន​រួត 7 ជាន់ តំណាងឱ្យ​ភ្នំ​សត្តបរិភណ្ឌ គឺ​ភ្នំ​ទាំង 7 សង្កាត់ នៅ​ជុំវិញ​ភ្នំ​ព្រះ​សុមេរុ គឺ​ភ្នំ​យុគន្ធរ ភ្នំ​ឥសិន្ធរ ភ្នំ​ករវិក ភ្នំ​សុ​ទស្សនៈ ភ្នំ​នេ​មិ​ន្ធ​រ ភ្នំ​វិ​ន​តកៈ និង​ភ្នំ​អស្ស​ក​ណ្ណៈ។ នេះ​បើតាម​ក្រសួង​ព័ត៌មាន។

តួ​អគារ​មាន​រាង​ជា​ចតុកោណកែង មាន​ទម្រង់​ស្មើនឹង 1 ភាគ 2 នៃ​តួ​បាកាណ​ប្រាសាទអង្គរវត្ត ដែល​ផ្នែក​ខាងមុខ និង​ខាងក្រោយ​ចែកចេញជា 3 សង្កាត់ ចំណែក​ផ្នែក​ខាងឆ្វេង និង​ខាងស្តាំ​ចែកជា 2 សង្កាត់ និង​មាន​ទម្រង់​ដំបូល​ជា​រាង​អក្សរ​អ៊ុយ «U» លាតសន្ធឹង​ត្រួតស៊ីគ្នា​លើ​តួ​អគារ​ទាំង 3 ទិស។

តួ​អគារ​នេះ​មាន​ច្រកចេញចូល​ទាំង 4 ទិស ក្នុងនោះ ច្រកចូល​ធំ ឬ​ខ្លោងទ្វារ​អគារ​លម្អ​ដោយ​ក្បាច់​ផ្តែរ​រចនាបថ​ព្រៃ​ក្មេង វិចិត្រ​រចនា​ដោយ​និមិត្តសញ្ញា​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ឈ្មោះ​ទីស្តីការក្រសួង​នៅលើ​ឋាន​ផ្តែរ​ថ្ម​ម៉ាប​កំពង់ស្ពឺ​ពណ៌​មរកត ទ្រ​ដោយ​សសរ​ម៉ាប​កំពង់ស្ពឺ​ពណ៌​ក្រហមទុំ​ចំនួន 6 ដើម​ជា​ទម្រ តំណាងឱ្យ​នាយកធម៌​ទាំង 6 យ៉ាង​គឺ ធម៌​របស់​នាយក ឬ​ធម៌​សម្រាប់​ថ្នាក់ដឹកនាំ​ទាំង​គ្រហស្ថ និង​បព្វជិត៕

Leave a Reply

Your email address will not be published. Required fields are marked *