ទស្សនាវដ្ដី Forbes របស់ សហរដ្ឋអាម៉េរិក ទើបតែបានប្រកាសបង្ហាញតារាងចំណាត់ថ្នាក់អ្នកមានជាងគេចំនួន 100 នាក់ នៅប្រទេសចិន សម្រាប់ឆ្នាំ 2021 ក្នុងនោះ Yang Huiyan ដែលកាន់កាប់ភាគហ៊ុន 57% និងជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនអចលនទ្រព្យ Country Garden គឺជាអ្នកនាំមុខគេ។
Yang Huiyan ចាប់កំណើតនៅឆ្នាំ 1981 និងធំឡើងនៅខេត្តក្វាងទុង ប្រទេសចិន។ កាលណោះ ឪពុករបស់នាង ឈ្មោះ Yang Guoqiang រកស៊ីក្នុងវិស័យសំណង់បានជាងមួយឆ្នាំ ដែលនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការឈានចូលវិស័យអចលនទ្រព្យពេញលេញ។
តាំងពីនៅតូច Yang Huiyan ត្រូវបានឪពុកសង្ឃឹមជឿជាក់ និងបណ្ដុះបណ្ដាលដើម្បីបន្តវេនក្នុងការគ្រប់គ្រងក្រុមហ៊ុន។ ពេល Yang Huiyan នៅរៀនមធ្យមសិក្សា ឪពុករបស់នាងបានបង្កើតក្រុមហ៊ុន Country Garden។ ក្រោយពីបញ្ចប់មធ្យមសិក្សានៅ ប្រទេសអង់គ្លេស Yang Huiyan ក៏បានទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីសិក្សាផ្នែកគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យ Ohio។ ឆ្នាំ 2003 Yang Huiyan បានបញ្ចប់ការសិក្សា និងបានត្រលប់មកប្រទេសវិញ ដើម្បីជួយការងារជំនួញរបស់គ្រួសារ។
លោក Yang Gouqiang តែងស្នើឱ្យកូនស្រីរបស់ខ្លួន ចូលរួមកិច្ចប្រជុំនានារបស់ក្រុមហ៊ុន និងទទួលខុសត្រូវលើការងារមួយចំនួន។ ក្រោយរយៈពេល 2 ឆ្នាំ តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Country Garden បានឡើងដល់ជិត 120 លានលានដុល្លារហុងកុង និងក្លាយជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេលំដាប់ទីមួយនៅ ប្រទេសចិន។
វ័យ 25 ឆ្នាំ Yang Huiyan បានក្លាយជាអ្នកមានជាងគេនៅ ប្រទេសចិន ក្រោយពីឡើងកាន់តំណែងជានាយិកាប្រតិបត្តិរបស់ Country Garden បាន 1 ឆ្នាំ។ ជោគជ័យរបស់ Yang Huiyan ត្រូវបានប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះ សរសើរថា មិនត្រឹមតែមានចំណេះដឹងខ្ពស់ខ្ពស់ និងឆ្លាតវៃនោះទេ តែនាងក៏មានការយល់ដឹងច្រើនអំពីនិន្នាការ ចក្ខុវិស័យ និងយុទ្ធសាស្ត្រសម្រាប់អនាគតរបស់ក្រុមហ៊ុនផងដែរ។ Yang Huiyan មានបុគ្គលិកលក្ខណៈដូចទៅនឹងឪពុករបស់នាង។
នៅចុងឆ្នាំ 2021 នេះ Yang Huiyan ត្រូវបានទស្សនាវដ្ដី Forbes របស់ សហរដ្ឋអាម៉េរិក ចាត់ចំណាត់ថ្នាក់ជាអ្នកមានជាងគេបង្អស់ ក្នុងចំណោមស្ត្រីដែលមានទ្រព្យច្រើនជាងគេចំនួន 100 នាក់ នៅប្រទេសចិន។ មហាសេដ្ឋិនី Yang Huiyan កំពុងកាន់កាប់ភាគហ៊ុន 57% និងជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនអចលនទ្រព្យ Country Garden។ បច្ចុប្បន្ន Yang Huiyan មានអាយុ 40 ឆ្នាំ និងមានទ្រព្យសម្បត្តិ 27.8 ពាន់លានដុល្លារអាម៉េរិក៕