មួយក្នុងចំណោមការព្យាករអំពីអនាគតរបស់ឧបករណ៍បច្ចេកវិទ្យា ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ក្រុមអ្នកជំនាញ នោះគឺថា ដល់ឆ្នាំ 2030 ទូរស័ព្ទនឹងលែងត្រូវបានគេប្រើប្រាស់ច្រើនដូចបច្ចុប្បន្ន ហើយវាត្រូវបានជំនួសដោយឧបករណ៍ទំនាក់ទំនងដែលទំនើបជាងនេះ ដូចជាវ៉ែនតាឆ្លាតវៃជាដើម។
Google Glass គឺជាវ៉ែនតាឆ្លាតវៃដំបូងគេមួយរបស់ពិភពលោក ដោយត្រូវបានផលិតឡើងកាលពីឆ្នាំ 2013 ដោយក្រុមហ៊ុន Google របស់ អាមេរិក។ ប៉ុន្តែ ឧបករណ៍នេះ កាលណោះនៅមានរូបរាងចម្លែក និងមិនទាន់ទាក់ទាញចំណាប់អារម្មណ៍ខ្លាំងក្លានៅឡើយ ទើបមិនមានការគាំទ្រច្រើន។
ក៏ប៉ុន្តែ បន្ទាប់ពីមានក្រុមហ៊ុនកាន់តែច្រើន ចូលរួមប្រកួតប្រជែងក្នុងការអភិវឌ្ឍ និងផលិតវ៉ែនតាឆ្លាតវៃ AR (Augmented reality) និង VR (Virtual reality) អនាគតនៃទីផ្សារវ៉ែនតាឆ្លាតវៃ ក៏ត្រូវបានគេមើលឃើញកាន់តែច្បាស់។
ក្នុងចំណោមក្រុមហ៊ុនដែលកំពុងចាប់ផ្ដើមផ្ដោតសំខាន់លើបច្ចេកវិទ្យាវ៉ែនតាឆ្លាតវៃ គេឃើញថា Meta (ឈ្មោះថ្មីរបស់ក្រុមហ៊ុន Facebook) បានចាប់ផ្ដើមតាមចាប់បច្ចេកវិទ្យាចក្រវាលនិម្មិត ដែលក្រុមហ៊ុននេះហៅថា metaverse ដោយប្រើប្រាស់វ៉ែនតាឆ្លាតវៃជាគោល។ ចំណែក Apple ក៏កំពុងស្ថិតក្នុងដំណាក់កាលពិសោធន៍វ៉េនតា AR ដោយឡែក និងអាចចេញលក់ប៉ុន្មានឆ្នាំខាងមុខ។ ក្រៅពីនេះក៏នៅមានក្រុមហ៊ុនលំដាប់យក្សជាច្រើនផ្សេងទៀត បានបង្ហាញមហិច្ឆតារបស់ខ្លួន ទាក់ទងនឹងបច្ចេកវិទ្យានេះដែរ មានដូចជាក្រុមហ៊ុន Microsoft ជាដើម។
បច្ចុប្បន្ន វ៉ែនតាឆ្លាតវៃ ត្រូវភ្ជាប់ជាមួយនឹងឧបករណ៍មេរបស់វា មានដូចជាទូរស័ព្ទឆ្លាតវៃជាដើម ទើបអាចដំណើរការបានល្អ 100%។ នាពេលខាងមុខ នៅពេលបច្ចេកវិទ្យាបានរីកចម្រើនខ្លាំង រាល់កម្មវិធី និងឧបករណ៍ទាំងឡាយដែលនៅលើទូរស័ព្ទឆ្លាតវៃ នឹងត្រូវបានប្រមូលដាក់ចូលទៅក្នុងវ៉ែនតាឆ្លាតវៃមិនខានឡើយ៕