មហាសេដ្ឋី Elon Musk បានបង្ហោះរូបត្លុកដើម្បីចំអកឱ្យ Jeff Bezos បន្ទាប់ពីក្រុមហ៊ុនអវកាស Blue Origin របស់ម្ចាស់ Amazon បានចាញ់ក្ដីជាមួយ NASA។
តុលាការសហរដ្ឋអាម៉េរិក កាលពីម្សិលមិញ (4 វិច្ឆិកា) បានចេញសាលក្រមជំទាស់នឹងបណ្ដឹងរបស់ក្រុមហ៊ុនអវកាសឯកជន Blue Origin របស់មហាសេដ្ឋី Jeff Bezos ដែលបានប្ដឹងទីភ្នាក់ងារអវកាសអាម៉េរិក NASA ថា បានផ្ដល់កិច្ចសន្យាទាក់ទិននឹងយានចុះចតលើឋានព្រះចន្ទដែលមានតម្លៃ 2.9 ពាន់លានដុល្លារ ឱ្យទៅក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ដោយវិធី «មិនសមហេតុផល»។
ក្រោយការសម្រេចរបស់ចៅក្រមតុលាការសហព័ន្ធសហរដ្ឋអាម៉េរិក Richard Hertling ទីភ្នាក់ងារអវកាស NASA ប្រកាសថា កិច្ចសហការជាមួយ SpaceX នឹងត្រូវបានភ្ជាប់ឡើងវិញ «កាន់តែឆាប់ កាន់តែល្អ»។
ភ្លាមនោះ លោក Elon Musk បានបង្ហោះសារនៅលើ Twitter ចំអកឱ្យលោក Jeff Bezos ដោយប្រើប្រាស់រូបត្លុកដែលមានប្រភពពីខ្សែភាពយន្ត Judge Dredd ឆ្នាំ 1995 អមជាមួយនឹងឃ្លា៖ «អ្នកត្រូវទទួលសាលក្រម»។
«ទំនាស់អវកាស» របស់បណ្ដាមហាសេដ្ឋីអាម៉េរិក បានចាប់ផ្ដើមឡើងកាលពីរដូវផ្ការីក នៅពេល NASA បានចុះកិច្ចសន្យាលើគម្រោងយានចុះចតលើឋានព្រះចន្ទជាមួយ SpaceX ក្នុងគ្រាដែល Blue Origin និង Dynetics ក៏បានចូលរួមដេញថ្លៃដើម្បីបានក្លាយជាដៃគូសហការជាមួយ NASA ប៉ុន្តែ មិនបានសម្រេច ដោយសារតែតម្លៃខុសគ្នាឆ្ងាយ។
កាលពីខែតុលា នៅពេល Musk យកឈ្នះ Bezos ដោយបានក្លាយជាមហាសេដ្ឋីលំដាប់ទីមួយក្នុងពិភពលោក CEO របស់ក្រុមហ៊ុន Tesla លោក Elon Musk ក៏បានផ្ញើរូបភាពតំណាងមេដាយប្រាក់ឱ្យទៅលោក Bezos ផងដែរ ដែលនេះមានន័យថា ចំណាត់ថ្នាក់លេខពីរគឺសម្រាប់ម្ចាស់ Amazon៕