កូរ៉េខាងត្បូង ថ្មីៗនេះ បានបង្ហាញឧបករណ៍ឆ្លាតវៃមួយចំនួនដែលជួយឱ្យមនុស្សគ្រប់គ្នាអាចដាំដំណាំក្នុងផ្ទះបានដោយងាយស្រួល ដូចជាបន្លែ ផ្កា និងកូនឈើជាដើម។
(ខេត្ត Gyeonggi កូរ៉េខាងត្បូង)-នៅពេលជំងឺរាតត្បាតកំពុងតែធ្វើឱ្យមនុស្សម្នាពិបាកចេញពីខាងក្រៅ បណ្ដាក្រុមហ៊ុនអេឡិចត្រូនិករបស់ ប្រទេសកូរ៉េខាងត្បូង បានឧទ្ទេសនាមប្រព័ន្ធដាំដុះឆ្លាតវៃជាច្រើនដែលអាចប្រើប្រាស់នៅក្នុងផ្ទះ។
ម៉ាស៊ីនដាំដំណាំរបស់យីហោ Wells នៃក្រុមហ៊ុនមេ Kyowon មានទំហំប្រហាក់ប្រហែលនឹងកូនអាងចិញ្ចឹមត្រីលម្អ។ ចំពោះមេផ្ទះដូចជា Kim Sun-mi ឧបករណ៍នេះងាយស្រួលប្រើប្រាស់បំផុត។ អ្នកស្រីគ្រាន់តែស្រោចទឹកបន្លែតែម្ដងគត់ក្នុងមួយសប្ដាហ៍ នៅពេលម៉ាស៊ីនឆ្លាតវៃនេះផ្ញើសារជូនដំណឹង។
អ្នកស្រី Kim Sun-mi ដែលជាអតិថិជនម្នាក់រស់នៅក្នុងខេត្ត Gyeonggi បានប្រាប់ថា៖ «មានអារម្មណ៍ថាអស្ចារ្យគ្រប់ពេលដែលក្រោកពីគេង និងមើលវានៅពេលព្រលឹម។ ខ្ញុំចូលចិត្តមើលវាលូតលាស់ពីមួយថ្ងៃ ទៅមួយថ្ងៃ។ ខ្ញុំឃើញថា វាធំឡើងទៅតាមពេលវេលា»។
ឧបករណ៍នេះ មើលទៅដូចមិនអាចដាំបន្លែបានច្រើនប៉ុន្មាន ប៉ុន្តែទិន្នផលជាក់ស្ដែងរបស់វា មានច្រើនជាងការរំពឹងទុក។
មុននេះ ក្រុមហ៊ុន LG Electronics ក៏បានឃោសនាអំពីម៉ាស៊ីនដាំដំណាំឆ្លាតវៃរបស់ខ្លួន។ ឧបករណ៍របស់ពួកគេ ដូចទៅនឹងទូទឹកកកតូចមួយគ្រឿង ប៉ុន្តែ អាចដាំបានទាំងបន្លែ ទាំងផ្កា។
ក្រុមហ៊ុន LG Electronics ឱ្យដឹងថា បន្លែស៊ីពេល 4 សប្ដាហ៍ទើបអាចប្រមូលផលបាន រីឯផ្កាវិញស៊ីពេលអស់ប្រហែល 6 សប្ដាហ៍ទើបចេញផ្កា។ អ្នកប្រើប្រាស់អាចតាមដានការលូតលាស់របស់ដំណាំ តាមរយៈទូរស័ព្ទឆ្លាតវៃរបស់ពួកគេ។
យោងតាមទិន្នន័យពីសមាគមលើកកម្ពស់ការច្នៃប្រឌិតកូរ៉េ KIPA (Korean Invention Promotion Association) តម្លៃទីផ្សារសម្រាប់អ្នកដាំដំណាំនឹងកើនដល់ 500 ពាន់លានវ៉ុន (ប្រហែល 425 លានដុល្លារអាម៉េរិក) នៅឆ្នាំ 2023៕