យោងតាមសារព័ត៌មាន Bloomberg មហាសេដ្ឋីលំដាប់ទីពីរក្នុងពិភពលោក Jeff Bezos ទើបតែបានលក់ភាគហ៊ុនតម្លៃប្រហែល 2 ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Amazon ក្រោយពីបានសន្យាថានឹងចំណាយប្រាក់ទាំងនេះដើម្បីស្ដារធម្មជាតិ និងផ្លាស់ប្ដូរប្រព័ន្ធស្បៀងអាហាររបស់ពិភពលោក។
ខ្ទង់ប្រាក់ចំនួន 2 ពាន់លានដុល្លារខាងលើនឹងត្រូវបានផ្ទេរទៅឱ្យមូលនិធិ Bezos Earth របស់លោក ដើម្បីអនុវត្តផែនការដែលលោកបានសន្យា។
ឯកសាររបស់គណៈកម្មការមូលបត្រអាម៉េរិក បានបង្ហាញថា លោក Bezos បានលក់ភាគហ៊ុន Amazon ចំនួន 608,450 ហ៊ុន។ ដូច្នេះ នៅក្នុងឆ្នាំនេះ ស្ថាបនិករបស់ Amazon បានលក់ភាគហ៊ុនដែលមានតម្លៃសរុប 8.6 ពាន់លានដុល្លារ។
លោក Jeff Bezos បានប្រើប្រាស់ប្រាក់ដែលបានពីការលក់ភាគហ៊ុន Amazon សម្រាប់ទ្រទ្រង់ក្រុមហ៊ុនអវកាស Blue Origin។ ក្រៅពីនេះ លោកក៏បានសន្យាថា ផ្ដល់ប្រាក់ 10 ពាន់លានដុល្លារទៅឱ្យមូលនិធិ Bezos Earth Fund ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុរបស់ផែនដី។
ក្នុងប្រកាសថ្មីបំផុត លោក Bezos មានបំណងចំណាយ 1 ពាន់លានដុល្លារ ដើម្បីជួយដល់សកម្មភាពស្ដារធម្មជាតិឡើងវិញ និង 1 ពាន់លានដុល្លារទៀតសម្រាប់កែប្រែប្រព័ន្ធស្បៀងអាហារ និងវិស័យកសិកម្មរបស់ពិភពលោក៕