វិស័យឯកជនបានបោះទុនវិនិយោគ 15 លានដុល្លារអាម៉េរិក លើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដោយធនាគារព្រីនស៍ សម្រាប់គម្រោងសាងសង់សំណង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី នៅខេត្ដកណ្ដាល បន្ទាប់ពី កម្ពុជា សម្រេចបើកប្រទេសឡើងវិញ។
ពិធីចុះហត្ថលេខាមួយ រវាងលោក Honn Sorachna នាយកធនាគារ ធនាគារ Prince Bank និងលោក Charles Vann នាយកក្រុមហ៊ុន OCIC ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី 3 ខែវិច្ឆិកា ដោយមានវត្តមានរបស់អ្នកឧកញ៉ា ពុង ឃែវសែ នាយកប្រតិបត្ដិធនាគារកាណាឌីយ៉ា ផងដែរ។
ការចុះហត្ថលេខាខាងលើនេះគឺជាការបញ្ជាក់អំពីការវិនិយោគដោយទឹកប្រាក់ 15 លានដុល្លារ ទៅលើមូលបត្របំណុលរបស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញថ្មី (New Phnom Penh International Airport/NPPIA)។ ទឹកប្រាក់ដែលប្រមូលបានពីកិច្ចព្រមព្រៀងនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ NPPIA។
គម្រោង NPPIA ដែលបច្ចុប្បន្នសម្រេចបាន 26% លើទឹកប្រាក់ប្រមាណ 346 លានដុល្លារអាម៉េរិក (មិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយ CAIC) នេះ ត្រូវបានរំពឹងថា នឹងត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ 2023។ នេះបើតាម លោក Honn Sorachna នាយកធនាគារ Prince។
សូមបញ្ជាក់ថា NPPIA គឺជាគម្រោងធំមួយដែលកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន OCIC (Overseas Cambodian Investment Corporation) ខណៈក្រុមហ៊ុន CAIC ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិឱ្យកាន់កាប់រចនានៃការសាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោងនេះ។