ផ្លូវ Khaosan ដែលធ្លាប់ជាតំបន់អ៊ូអរដោយសារវត្តមានរបស់ភ្ញៀវទេសចរណ៍បរទេស នៅ រាជធានីបាងកក នៅតែមានសភាពស្ងាត់ជ្រងំ បើទោះជា ប្រទេសថៃ បានប្រកាសបើកទ្វារទទួលទេសចរឡើងវិញក៏ដោយ។
យោងតាមសារព័ត៌មាន Reuters របស់ អង់គ្លេស ផ្លូវ Khaosan ក្នុងរាជធានីបាងកក លែងមានសភាពអ៊ូអរដូចមុនទៀតហើយ ចាប់តាំងពី COVID-19 ផ្ទុះឆ្លងរាលដាលកាលពីឆ្នាំទៅ។ ប៉ុន្តែ ម្ចាស់អាជីវកម្មនានា កំពុងតែសង្ឃឹមថា ការដែល ប្រទេសថៃ បើកទ្វារទទួលអ្នកទេសចរណ៍ក្នុងសប្ដាហ៍នេះ នឹងជួយស្ដារស្ថានការណ៍របស់ក្រុងនេះឡើងវិញ។
ប្រទេសថៃ ដែលជាទីតាំងទេសចរណ៍ល្បីឈ្មោះមួយនៅ ទ្វីបអាស៊ី បានអនុវត្តវិធានការទប់ស្កាត់ COVID-19 យ៉ាងតឹងរ៉ឹង ដោយផ្អាកការទទួលភ្ញៀវទេសចរណ៍បរទេសក្នុងរយៈពេល 18 ខែកន្លងទៅ។ ប៉ុន្តែ ចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ប្រទេសនេះបានបើកទ្វារទទួលភ្ញៀវបរទេសទាំងឡាយណាដែលបានចាក់វ៉ាក់សាំងរួចរាល់ និងជាពលរដ្ឋមកពីប្រទេស និងដែនដីជាង 60 ដែលមានហានិភ័យទាប ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក។
Thapanee Pansodsaicharoenkit ម្ចាស់ភោជនីយដ្ឋាន Rocco នៅលើបណ្ដោយផ្លូវ Khaosan ឱ្យដឹងថា៖ «ផ្លូវ Khaosan គឺជាទីតាំងល្បីឈ្មោះសម្រាប់ភ្ញៀវទេសចរណ៍បរទេសនៅពេលពួកគេមកលេង បាងកក។ ចំពោះយើង និងអ្នកទាំងឡាយដែលជាម្ចាស់អាជីវកម្ម ពួកគេគឺជាក្ដីសង្ឃឹមតែមួយគត់នៅពេលនេះ»។
នៅពេលអ្នកយកព័ត៌មានរបស់ Reuters មកកាន់ទីនេះកាលពីព្រលប់ថ្ងៃទី 2 វិច្ឆិកា បើទោះជាភោជនីយដ្ឋានចាប់ផ្ដើមមានភ្ញៀវ ប៉ុន្តែ ផ្លូវក្នុងក្រុងនៅតែស្ងប់ស្ងាត់ ក្នុងនោះមានហាងលក់ទំនិញប្រមាណ 90% បានបិទទ្វារដោយមិនមានកាលកំណត់។
Prasit Singhdamrong ប្រធានសមាគមពាណិជ្ជកម្ម Khaosan ថ្លែងថា អាជីវកម្មនៅតាមបណ្ដោយដងផ្លូវ Khaosan ត្រូវបានផ្អាករយៈពេល 18 ខែកន្លងទៅ ហើយមានអាជីវកម្ម 10% ប៉ុណ្ណោះ ដែលអាចបន្តរកស៊ី។ ទោះជាបានបើកទ្វារនាសប្ដាហ៍នេះ ប៉ុន្តែ វិធានការរឹងបន្តឹងមួយចំនួន នៅតែមាន។ ភោជនីយដ្ឋានទាំងឡាយដែលត្រូវបានស្ថាប័នគ្រប់គ្រងទេសចរណ៍ទទួលស្គាល់ អាចបម្រើស្រាដល់អតិថិជនត្រឹមម៉ោង 21 ប៉ុណ្ណោះ ខណៈហាងស្រា នៅតែត្រូវបិទទ្វារ៕